គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា អញ្ជើញទៅបំពេញ​ទស្សន​កិច្ចនៅសាធារណរដ្ឋ សង្គមនិយមវៀតណាម

AKP ហាណូយ, វៀតណាម ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័តមាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័តមាន បានទៅបំពេញ ទស្សនកិច្ចនៅទីក្រុង ហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សន កិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិ្តការផ្លាស់ប្តូរបទពិសោធន៍លើការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ រវាងក្រសួងព័ត៌មាន នៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ច នៃថ្ងៃទី១ គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ត្រូវបានទទួល ការអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន​វៀតណាម ដឹកនាំដោយឯកឧត្តម Hoang Vinh Bao អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន និង​ផ្សព្វផ្សាយវៀតណាម, ឯកឧត្តមបណ្ឌិត Phan Thao Nguyen អគ្គនាយក នៃអគ្គនាយដ្ឋាន​ទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ​ផ្សេងៗ​ទៀតរបស់វៀតណាម។

ក្នុងឱកាសនោះដែរ ឯកឧត្តម Hoang Vinh Bao អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន និង​ផ្សព្វ ផ្សាយវៀតណាមបានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំក្រសួងព័តមានកម្ពុជា ពិសេសឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័តមាន ដែលឯកឧត្តម បានចាត់ ទុកដូចជាមិត្ត ជាបងប្អូន ជាថ្នាក់ដឹកនាំគំរូ ហើយតែងតែបានជួយជ្រោមជ្រែងគាំទ្រនូវជំហរ និងសកម្មភាព នៃកិច្ចសហប្រតិបត្តិការនានារវាងក្រសួងពត័មានរបស់ប្រទេសទាំងពីរ ដែល ជាប្រទេសភូមិផងរបងជាមួយ។

ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័តមាន បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួងព័តមាន និងផ្សព្វផ្សាយរបស់វៀតណាម ដែល​តែងតែបានផ្តល់កិច្ចសហការយ៉ាងកក់ក្តៅ និងទទួលនូវរាល់សំណូមពរតាមការស្នើសុំ​និងភាព​ចាំបាច់របស់ក្រសួងព័តមានកម្ពុជា ក៏ដូចការផ្លាស់ប្តូរយោបល់ក្នុងការបង្កើន និងពង្រីកកិច្ច​សហ​ប្រតិបត្តិការលើវិស័យព័តមានរបស់ប្រទេសទាំងពីរ។ ឯកឧត្តមក៏បានលើកឡើងពី​ជំនួយ និងកិច្ចសហការដែលបានផ្តល់ដោយរដ្ឋាភិបាលវៀតណាមដល់ភាគីកម្ពុជាកន្លងមក មានដូច ជាជំនួយបច្ចេកទេសម៉ាស៊ីនផ្សាយទូរទស្សន៍ និងម៉ាស៊ីនផ្សាយវិទ្យុបំពាក់ស្ថានីយវិទ្យុFMជាតិ រាជធានី ខេត្ត វគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័តមានវ័យក្មេងកម្ពុជានៅក្នុង ប្រទេស​វៀតណាម និងទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍លើវិស័យព័តមាន និងបច្ចេកទេស។​ទន្ទឹមនេះ កម្ពុជាក៏បានស្នើសុំភាគីវៀតណាម នូវការភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យសោតទស្សន៍ ដោយកម្ពុជាមិនទាន់បានបង្កើតនូវមជ្ឈមណ្ឌលត្រួតពិនិត្យសោតទស្សន៍ដូចវៀតណាមនៅឡើយទេ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្ពុជាកំពុងបញ្ចប់ការធ្វើច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន និងកំពុងរៀបចំកែសម្រួលច្បាប់របបសារព័ត៌មាន ដែលបានកំពុងអនុវត្តន៍ជាយូរមកហើយ៕

ដោយ ខឹម សុវណ្ណារ៉ា