អគ្គនាយកអាជ្ញាធរជាតិអប្សរា  ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូ សារមន្ទីរ Palace Museum នៃសាធារណរដ្ឋប្រជាមានិតចិន​

AKP សៀមរាប ថ្ងៃទី​​​០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូសារមន្ទីរ Palace Museum នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារ មួយចំនួនជាមួយអាជ្ញាធរជាតិអប្សរា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង់រមណីយដ្ឋានអង្គរ និងការគ្រប់គ្រង សារមន្ទីរនៅក្នុងតំបន់អង្គរ ព្រមទាំងការអភិរក្សវត្ថុសិល្បៈបុរាណ កាលពីថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រុងសៀមរាប។

មានប្រសាសន៍នៅក្នុងជំនួបនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរ ជាតិអប្សរាបានឱ្យដឹងថា សារមន្ទីរដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មានបីគឺ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី។ ឯកឧត្តមបញ្ជាក់ថា សារមន្ទីរទាំងបីនេះ មិនបានបង្កើត ដើម្បីរកប្រាក់ចំណូលច្រើននោះទេ ក៏ប៉ុន្តែគោលការណ៍របស់អាជ្ញាធរជាតិអប្សរា បង្កើតឡើងដើម្បីថែរក្សា លើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងឱ្យភ្ញៀវទេសចរសិក្សាឈ្វេង យល់ពីអារ្យធម៌ ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែច្បាស់។ ជាពិសេសទៅទៀត អាចឱ្យភ្ញៀវទេសចរ អ្នកសិក្សាស្រាវជ្រាវទទួលបានចំណេះ ដឹងបន្ថែមទៀត ក្រៅពីទៅទស្សនាប្រាសាទឬកន្លែងណាផ្សេងទៀត ហើយអាជ្ញាធរជាតិអប្សរាបើកជាប្រចាំឱ្យសិស្សានុសិស្សទៅសិក្សានៅកន្លែងបានផងដែរ។

មានប្រសាសន៍ឆ្លើយតប លោកស្រី Ren Wanping អនុប្រធានសារមន្ទីរ Palace Museum បានលើកឡើងថា សារមន្ទីរ Palace Museum គឺជាអតីតរាជវាំងចិនបុរាណ ដែលជាចំណុចដ៏ទាក់ទាញភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលសុទ្ធតែបង្ហាញ អំពីស្នាដៃដ៏អស្ចារ្យនៃបុព្វបុរស។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ គណៈប្រតិភូបានទៅទស្សនាសារមន្ទីរនានានៅកម្ពុជា ដើម្បីស្វែងយល់ពីវប្បធម៌កម្ពុជា ក៏ដូចជា ទទួលបាននូវបទពិសោធន៍ថ្មីៗពីការគ្រប់គ្រងសារមន្ទីរជាតិអង្គរផងដែរ។

លោកស្រីអនុប្រធានសារមន្ទីរ Palace Museum​ ក៏បានឱ្យដឹងផងដែរថា ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា គឺមកទស្សនាប្រាង្គប្រាសាទនៅអង្គរតែម្តង ព្រោះភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ក្នុងចំណោមភ្ញៀវទេសចរជាច្រើនលាននាក់ដែលមកទស្សនាប្រទេសកម្ពុជា៕

ដោយ ហង្ស សៀក