មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មាន ដឹកនាំអ្នកសារព័ត៌មានកម្ពុជាចំនួន៣០រូប ទៅទស្សនកិច្ច​នៅប្រទេសវៀតណាម ដើម្បីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំប្រតិភូអ្នកសារព័ត៌មាន​កម្ពុជា​ជាយុវជន និងមន្រ្តីព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាជិត៣០រូប មកពីអង្គភាពផ្សេងៗ គ្នាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងពិធីផ្លាស់ ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ ការធ្វើដំណើរទស្សនកិច្ចនេះ គឺដើម្បីចូលរួមក្នុង “កម្មវិធីផ្លាស់​ប្តូរបទពិសោធន៍ផ្នែកវប្បធម៌សម្រាប់អ្នកសារព័ត៌មានវ័យក្មេង យុវជន និងនិស្សិត” ដែល​មាន​ប្រតិភូផ្នែកសារព័ត៌មានចំនួន២៧រូប និងយុវជន និស្សិតប្រមាណ៦២រូប​ផ្សេងទៀតមកពី ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងនៅខេត្ត តៃនិញ និងទីក្រុង ហូជីមិញ ក្នុងរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម ឆាយ សុផល បានមានប្រសាសន៍ថា គោលបំណងដ៏សំខាន់នៃ ដំណើរ ទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការ ផ្លាស់ប្តូរបទពិសោធន៍លើវិស័យវប្បធម៌ សិល្បៈ អប់រំ ព័ត៌មាន និងផ្សព្វផ្សាយរវាងប្រទេស ទាំងពីរដែលជាប្រយោជន៍ក្នុងនាមប្រទេសជិតខាង ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។ ឯកឧត្តម បន្តថា ជាការពិតកម្ពុជា និងវៀតណាមមានវប្បធម៌ដោយឡែកៗ និងពិសេសរៀងៗខ្លួន ដូច្នេះ​ការឈ្វេងយល់ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យនេះពិតជាធ្វើឱ្យប្រជាជន នៃ ប្រទេស​ទាំងពីរ ពិសេសយុវជនកាន់តែយល់គ្នា និងរស់នៅភូមិផងរបងជាមួយគ្នាប្រកប ដោយសុខ​ដុមរមនា។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការអញ្ជើញពី រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយ:ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ ដោយសហការជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតាមរយ:ក្រសួងព័ត៌មាន៕

ដោយ រិទ្ធី