មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យបង្កើន​ស្មារតីថែរក្សាសន្តិភាពការពាររាជរដ្ឋាភិបាលស្របច្បាប់

AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានជំរុញកងកម្លាំង​ប្រដាប់អាវុធទាំងអស់ឱ្យបង្កើនស្មារតីថែរក្សាសន្តិភាពការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែល កើតចេញមកពីបេះដូងប្រជាពលរដ្ឋកម្ពុជាពិតប្រាកដ​នោះ។

ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តម សក់ សេដ្ឋា អញ្ជើញចុះត្រួតពិនិត្យ និងសួរសុខ ទុក្ខកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលកំពុងឈរជើងការពារ តាមខ្សែក្រវាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯក​ស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីពង្រឹងកងកម្លាំង​ការពារឱ្យបាន​កាន់តែរឹងមាំនោះ។

ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍បញ្ជាក់ថា ភាពអង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធការពារបូរណភាពទឹកដី សុខសុវត្ថិភាព សន្តិភាពជូន ប្រជាពលរដ្ឋគឺដើម្បី​រក្សាតម្លៃនៃសន្តិភាព ដែលបានមកដោយសារការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលស្រប​​ច្បាប់ ជាពិសេស ការស្វែងរក​សន្តិភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ​ឱ្យមានការ​រីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម​បានបញ្ជាក់​ទៀតថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានស្មារតីសេ្នហា ការពារជាតិសាសនាព្រះមហាក្សត្រហើយត្រូវបន្តរួមគ្នាថែរក្សាការពារឱ្យបាននៅគង់វង្ស។ មិនត្រូវជឿលើសម្តីនៃការញុះញង់របស់ជនក្បត់ជាតិទណ្ឌិតសមរង្ស៊ីដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងមានសន្តិភាពឱ្យធ្លាក់ចូលទៅក្នុងភាពវឹក​​វរសង្គ្រាមនោះទេ។

​រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃរូបនេះបានឱ្យដឹងទៀតថា ទណ្ឌិតសមរង្ស៊ី​ បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះចំនឹងថ្ងៃបុណ្យឯករាជ្យជាតិ។ ពាក់ព័ន្ធនឹងសកម្មភាព​​ ​ ទណ្ឌិតសមរង្ស៉ីនេះរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការកងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕

ដោយឈុនសារ៉ាត