ក្រុមការងារសុខភាពសត្វព្រៃ និងក្រុមអភិរក្សអណ្តើកហ្លួង របស់ WCS  ពិនិត្យសុខភាពអណ្តើកហ្លួង 

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២១០១៩ — ក្រុមការងារកម្មវិធីសុខភាពសត្វព្រៃ និងក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS បានសហការគ្នាធ្វើការវាយតម្លៃប្រចាំឆ្នាំលើសុខភាពអណ្តើកហ្លួងចំនួន ១៤៨ក្បាលកាលពីពេលថ្មីៗនេះ។

ក្រុមការងារទាំងពីរបានធ្វើការថ្លឹងទម្ងន់ និងវាស់ទំហំអណ្តើកទាំងអស់ដើម្បីផ្ទៀង ផ្ទាត់មើលភាពលូតលាស់ធំធាត់និង ពិនិត្យតាមដានរកមើលជំងឺផ្សេងៗ។ មានអណ្តើកពីរ ក្បាលក្នុងចំណោមអណ្តើកទាំងអស់ កើតជំងឺបូសនៅលើជើង និងត្រូវវះកាត់ព្យាបាលដោយ ពេទ្យសត្វរបស់កម្មវិធីសុខភាពសត្វព្រៃ។

ក្រុមការងារនឹងបន្តចិញ្ចឹមអណ្តើកទាំងអស់ នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង រហូតដល់វាធំធាត់អាចបន្តពូជបាន មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ ឬក៏ទុកពួកវាសម្រាប់ធ្វើការបន្តពូជនៅក្នុងមជ្ឈមណ្ឌល។

ការថែទាំឱ្យអណ្តើកទាំងនេះមានសុខភាពល្អ មានសុវត្ថិភាព និងអាចមានលទ្ធភាព បន្តពូជបាន គឺជាការបង្កើនឱកាសកាន់តែច្រើនឡើងសម្រាប់ការរស់រានរបស់ប្រភេទសត្វ ដែលកំពុងទទួលរងការគំរាមកំហែងជិតផុតពូជនេះ៕

ដោយ ណយ នឿន (ប្រភព៖ WCS)