ឯកអគ្គរដ្ឋទូតបារាំង ចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។   

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ និងជម្រាប ជូនលោកជំទាវថា កម្ពុជា និងបារាំងមានទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រមកដល់បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា និងបារាំងកាន់តែល្អប្រសើរ។ សម្រាប់ខេត្តព្រះសីហនុ មានសមិទ្ធ ផលរបស់បារាំងមានដូចជាទំនប់ ប៊ុលឌែ នៅស្រុកព្រៃនប់ មានសារៈសំខាន់ណាស់សម្រាប់ ឱ្យប្រជាកសិករធ្វើកសិកម្មលើផ្ទៃដី ១៥.០០០ហិកតា ដោយសារតែរដូវវស្សាមានជំនន់ទឹក ភ្លៀងធ្វើឱ្យទំនប់នេះ មានការខូចខាតនៅកន្លែងមួយចំនួន ម្យ៉ាងទៀតទំនប់ ប៊ុលឌែនេះ មានសភាពចាស់ទ្រុឌទ្រោម ដែលកន្លងមកក្រសួងធនធនទឹកបានធ្វើការជួសជុលជូន ប្រជាពលរដ្ឋប្រើប្រាស់។ បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅអមសងខាងទំនប់ ម្យ៉ាងទៀត ទំទប់ ប៊ុលឌែ ខណ្ឌទឹកប្រៃ កុំឱ្យហូរចូលស្រែប្រជាកសិករ និងក៏ជាផ្លូវធ្វើចរាចរ ដឹកជញ្ជូន ផលិតផលកសិកម្មយ៉ាងសំខាន់ និងសំណូមពរឱ្យស្ថានទូតបារាំង ជួយគាំទ្រក្នុងការជួសជុល ទំនប់នេះបន្តទៀត។

ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត មានឆ្នេរសមុទ្រ១៧៥គីឡូម៉ែត្រ និងកោះ៣២ ដែលរាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដែលមានបណ្ដាញគមនាគមន៍តភ្ជាប់មានកំពង់ផែទឹកជ្រៅ ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស កំពុងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ ខេត្តព្រះសីហនុ និងអាចរួចរាល់នៅចុងឆ្នាំ២០២២។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសម្បទានព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទៅឱ្យក្រុមហ៊ុនបារាំង ក្នុងកិច្ចសហប្រតិបត្តិការជំរុញអភិបាលកិច្ច។ បច្ចុប្បន្នមានប្រជពលរដ្ឋបារាំង មករកស៊ីនៅខេត្តព្រះសីហនុ ដោយបង្កើតជាក្លិប ភោជនីយដ្ឋាន ហើយនៅ ៩ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបារាំងមកកាន់ខេត្តព្រះសីហនុ មានចំនួនជាង ១ម៉ឺននាក់ បើធៀបនឹង៩ខែ ឆ្នាំ២០១៨ កើន២,៥ភាគរយ។  ដោយសារការអភិវឌ្ឍរយៈពេល ៣ឆ្នាំចុងក្រោយនេះ ធ្វើឱ្យ ផ្លូវថ្នល់ក្នុងក្រុងរងការខូចខាតយ៉ាងច្រើន ដោយ សារការដឹកជញ្ជូន ធ្វើឱ្យផ្លូវថ្នល់មិនអាចធានាបាន ដែលរាជរដ្ឋាភិបាលបានបញ្ចេញថវិកាធ្វើការជួសជុលកែលម្អ ពង្រីកបន្ថែម និងគ្រោងបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតី ភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អភិបាលខេត្ត សុំឱ្យរដ្ឋាភិបាលបារាំងបន្តគាំទ្រសន្តិភាពនៅកម្ពុជា ដើម្បីការអភិវឌ្ឍ និងការរស់នៅប្រកបដោយសុខដុមរមនីយកម្ម។

លោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង មានប្រសាសន៍ថាលោក ជំទាវមកខេត្តព្រះសីហនុ ២ឆ្នាំកន្លងមក មកដល់បច្ចុប្បន្ន ខេត្តមានការអភិវឌ្ឍលឿន គោលបំណងនៃដំណើរទស្សនកិច្ចមកខេត្តព្រះសីហនុ ទៅពិនិត្យមើលតំបន់មួយចំនួន មានដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កោះ ឫស្សី ដែលជាគម្រោង វិនិយោគរបស់បារាំង ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ អភិវឌ្ឍន៍ដោយសហ គ្រាសបារាំង និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀតនៅក្នុងខេត្តព្រះសីហនុ។ ក្នុងដំណើរទស្ស នកិច្ចនាពេលនេះ ឃើញមានផ្លូវខូចខាតច្រើន។

លោកជំទាវបន្តថា ភ្នាក់ងារអភិវឌ្ឍន៍បារាំងបានសហការជាមួយកម្ពុជា លើគម្រោង ទឹកស្អាត នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយក៏ចង់មកវិនិ យោគទឹកស្អាត នៅខេត្តព្រះសីហនុ ដោយសារតែកំណើនប្រជាពលរដ្ឋមានការកើនឡើង និងការអភិវឌ្ឍ យ៉ាងលឿន បញ្ហាទឹកស្អាត ក៏ជាតម្រូវការចាំបាច់មួយផងដែរ៕

ដោយ ងូ សុមុនី