ឯកឧត្ដម ឃួង ស្រេង ដាក់វិធានការដើម្បីការពារសន្តិសុខសុវត្ថិភាព ក្នុងឱកាសបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក និងទប់ស្កាត់ពួកឧទ្ទាមក្រៅច្បាប់

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ជាមួយអាជ្ញាធរ ខណ្ឌ និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ ត្រៀមកម្លាំងការពារសន្ដិសុខ សុវត្ថិភាព ដើម្បីចូលរួមអបអរសាទរក្នុងឱកាសឱកាសបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ និង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងទប់ស្កាត់ឱ្យខាងតែបាននូវពួកឧទ្ទាមក្រៅច្បាប់ ។ កិច្ចប្រជុំនេះធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែមានវិធានការជាមុន ដើម្បីការពារសន្តិសុខសុវត្ថិភាពក្នុងឱកាសពិធីខួបលើក ទី៦៦ទិវាបុណ្យឯករាជជាតិ០៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩នេះ ។

លោកឧត្តមសេនីយ៍ ចេវ  ហាក់  ស្នងការរងនគរបាលរាជធានី បានមានប្រសាសន៍លើកឡើងពីវិធានការជុំវិញកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ការបញ្ចៀសចរាចរ ណ៍រថយន្តធុនធំ។ ការរៀបចំខួបលើកទី៦៦ទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញនេះ ផងដែរ ។

កិច្ចប្រជុំបានពិភាក្សាអំពី ការត្រៀមរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករអុំទូកស្នាក់នៅ និងការរៀបចំទីលានប្រណាំងទូក។ ការដាក់ចេញនូវផែនការសង្គ្រោះទូកលិច ការសង្គ្រោះអ្នកជំងឺ និងផែនការទទួលទានអំបុក ០៩ វិច្ឆិកា ឆ្នាំ២០១៩។ ការរៀបចំតុបតែងលម្អសោភណ្ឌភាព អនាម័យបរិស្ថាន និងអគ្គិសនី។ ក្រៅពីនោះក៏បានពិភាក្សាលើការងារមួយចំនួនទៀតជាអាជ្ញាធរខណ្ឌទាំង១៤។

ឯកឧត្ដម ឃួង  ស្រេង  បានមានប្រសាសន៍លើកឡើងថា ឆ្នាំនេះខុសប្លែកពីបណ្តា ឆ្នាំកន្លងទៅដោយសារតែឆ្នាំនេះទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩នៅជាប់គ្នា។ ដូច្នេះទេការងារនេះយើងត្រូវប្រើប្រាស់កម្លាំងទ្វេដងទាំងកិច្ចការពារសន្តិសុខ និងកិច្ចការពារព្រះរាជពិធីបុណ្យ ការរៀបចំសណ្តាប់ធ្នាប់បរិស្ថាន។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានបន្តថា កិច្ចប្រជុំនេះយើងមានទិសដៅតែមួយគឺការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ហើយទិសដៅសំខាន់មួយទៀតគឺការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលពួកឧទ្ទាមក្រៅច្បាប់ចង់ផ្តួលរំលំដែលយើងគ្រប់គ្នាបានជ្រាបរួចហើយ។ យើងដាច់ខាតត្រូវការពារឱ្យបាននូវភាពសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង។ ឯកឧត្តមបញ្ជាក់ផងដែរថា យើងបានបែងចែកភារកិច្ច និងកំណត់ទិសដៅរួចហើយ ពោលគឺ យើងមានអនុគណៈកម្មាធិការចំនួន ៥ដែលបានបែងចែករួច។

សូមបញ្ជាក់ថា សម្រាប់ពិធីទទួលទានអំបុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នោះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើនៅរមណីយដ្ឋានវត្តភ្នំ។ ដោយឡែកសម្រាប់ខណ្ឌនិងមន្ទីរផ្សេងៗទៀតក៏នឹងត្រូវប្រារព្ធពិធីនេះឡើងផងដែរដោយមានការចូលរួមពីប្រជាពលរដ្ឋមិនតិចជាង១០ម៉ឺននាក់នោះទេ និងមានចំនួនប្រមាណជាង៩០០ទីតាំង៕

ដោយសួស សំរិត