មន្រ្ដីជាន់ខ្ពស់កម្ពុជាចំនួនពីររូប ទទួលបានគ្រឿង​ឥស្សរិយយសពីរាជរដ្ឋាភិបាលជប៉ុន ​សម្រាប់ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងជប៉ុន និងកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — កាលពី​ថ្ងៃ​ទី០​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​អំពី​ឈ្មោះ​អ្នក​ដែលត្រូវ​ទទួល​​គ្រឿង​ឥស្សរិយយស​​សម្រាប់​សរទរដូវ​ឆ្នាំ​២០១៩​​ ផ្តល់ជូនដល់ បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់ពួកគាត់ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់ពួកគាត់ក្នុងវិស័យ  ផ្សេងៗទៀតនៅក្នុងសង្គម។ ជាមួយគ្នានេះ​ដែរ ក៏មានមន្រ្ដីជាន់ខ្ពស់កម្ពុជាដែលជាបុគ្គលឆ្នើម២រូប ដែលត្រូវទទួលគ្រឿងឥស្សរិយយស​សម្រាប់ការចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ឯកឧត្ដម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ សមាជិក​រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលគ្រឿង​ឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួល​ស្គាល់​ការចូល​​រួម​វិភាគទាន​របស់​​ឯកឧត្ដម​ក្នុងការពង្រឹង​ទំនាក់ទំនងទ្វេភាគី និងរឹតចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះ រាជាណាចក្រ​កម្ពុជា​។

លោក Teruo Jinnai ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអតីតតំណាងអង្គការយូ ណេស្កូប្រចាំកម្ពុជា នឹងទទួលគ្រឿង​ឥស្សរិយយស “The Order of Secred Treasure, Gold and Silver Rays” ជាការ​ទទួល​ស្គាល់​ការចូល​​រួម​វិភាគទាន​របស់​​លោក​ក្នុងការចូលរួមចំណែក ជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើក ស្ទួយ វប្បធម៌កម្ពុជានៅលើវេទិការអន្តរជាតិ ក្នុងនោះរួមមាន   អង្គការយូណេស្កូផងដែរ៕

ដោយ អ៊ុន រិទ្ធី