រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ខ្សែព្រំដែនរដ្ឋម្ពុជា-វៀតណាម ដោយសំឡេងគាំទ្រ១១០ លើ ១១០សំឡេង នៃអង្គសភាទាំងមូល

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិ សញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជា ណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានរដ្ឋសភាអនុម័ត នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយសំឡេងគាំទ្រ១១០ លើ ១១០សំឡេង នៃអង្គសភាទាំងមូលដែលបានចូលរួម។ ការអនុម័តនេះធ្វើឡើងក្នុងសម័យប្រជុំពេញអង្គ រដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោមអធិតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងរាជរដ្ឋាភិបាល ឡើងការពារសេចក្តីព្រាងច្បាប់នេះ បានថ្លែងថា រាជរដ្ឋាភិបាល កម្ពុជាបានប្តេជ្ញា​ចិត្តដ៏មោះមុតក្នុងសុឆន្ទៈដើម្បីសម្រេចបានព្រំដែនកម្ពុជា ជាមួយប្រទេស ជិតខាងដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសុភមង្គល និងភាពរុងរឿងរបស់ ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ និងដើម្បីបង្កើន ទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណី ដែលនាំមកនូវព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រឹងមាំ ស្របតាមគោលការណ៍ច្បាប់ និងការអនុវត្តជាអន្តរជាតិស្តីពីខ្សែព្រំដែន មិនកែប្រែនៅពេលដែលកម្ពុជាបានឯករាជ្យ។ ឈរ លើមូលដ្ឋាននេះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញា បំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥។

សម្តេចបានបន្តថា ដោយឈរលើមូលដ្ឋាននៃ សន្ធិសញ្ញាបំពេញបន្ថែម ខាងលើប្រទេសទាំងពីរកម្ពុជា និងវៀតណាម បានដំណើរការ ចុះបោះបង្គោល និងខណ្ឌសីមាព្រំដែនគោកនៅលើដីជាក់ស្តែងពីខេត្តរតនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ ខែកក្កដា ឆ្នាំ២០១៩ សម្រេចបានលទ្ធផល៨៤ភាគរយ នៃបង្គោលព្រំដែន ធំដែលមានចំនួន៣៧៥ បង្គោល លើដីជាក់ស្តែងដែលបានបោះ នៅតាម បណ្តោយខ្សែ ព្រំដែនរួមរវាងប្រទេសទាំងពីរ ដែលមានប្រវែងប្រមាណជាង១.២៧០គីឡូម៉ែត្រ។

លទ្ធផលដែលសម្រេចបាន មានដូចជា៖ បង្គោលព្រំដែនធំចំនួន៣១៥ បង្គោល ស្មើនឹង៨៤ភាគរយ នៃបង្គោលព្រំដែនសរុបចំនួន៣៧៥បង្គោល, បង្គោល ខណ្ឌសីមាព្រំដែនចំនួន១.៥១១ ស្មើនឹង ៩៩,៩ភាគរយ លើបង្គោល១ ៥១២ នៃផែនការ (ក្នុងនោះកម្ពុជាបោះលេខសេសចំនួន៧៩១ វៀតណាមបោះលេខគូចំនួន៧២១បង្គោល), បង្គោលតម្រុយព្រំដែនចំនួន២២១ ស្មើនឹង១០០ភាគរយ នៃផែនការ ក្នុងនោះកម្ពុជា បោះលេខសេសចំនួន១២៦បង្គោល វៀតណាមបោះលេខគូចំនួន៩៥បង្គោល), ចំណុចពិសេសចំនួន១០០០។

ក្រៅពីសមិទ្ធផល ដែលសម្រេចបាននៅលើដីជាក់ស្តែងខាងលើ គណៈកម្មការចម្រុះ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក នៃប្រទេសទាំងពីរ បានបញ្ចប់សេចក្តីព្រាង សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញ បន្ថែមឆ្នាំ២០០៥ តទៅហៅថា (សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩) ហើយនាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០១៩នេះ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩។ សន្ធិសញ្ញាបំពេញ បន្ថែមឆ្នាំ២០១៩នេះមានគោលបំណង និងផលប្រយោជន៍គឺដើម្បីរក្សា ការគ្រប់គ្រង ដដែលលើដីធ្លីស្រែចម្ការរបស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់នៅ ដាំដុះ បង្កបង្កើនផល ក្នុងគោលដៅធានាបានស្ថិរភាពរបស់ ប្រជាជននៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ និងដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីជម្នះធ្វើបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យ បានឆាប់រវាងប្រទេសទាំងពីរ រដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជានិងវៀតណាម បានឯកភាពកែសម្រួលខ្សែព្រំដែនពីផែនទីបោនខ្នាត ១/១០០ ០០០ បោះពុម្ភដោយក្រុមភូមិសាស្រ្តឥណ្ឌូចិនមកតាមការគ្រប់គ្រងកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាងខ្សែព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពសុខសាន្ត ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ នឹងត្រូវផ្តល់សច្ចាប័ន និងចូលជាធរមាន បន្ទាប់ពីផ្លាស់ប្តូរ លិខិតុបករណ៍ សច្ចាប័ន និងធ្វើជាបីច្បាប់ ជាបីភាសា គឺភាសាខ្មែរ ភាសា វៀតណាម និងភាសាបារាំង។ ក្នុងករណីមានការបកស្រាយខុសគ្នា អត្ថបទជាភាសា បារាំងត្រូវយក មកធ្វើជាឯកសារគោល។ សន្ធិសញ្ញាបំពេញ បន្ថែមឆ្នាំ២០១៩នេះ គឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្ត្រដ៏មាន សារៈសំខាន់បំផុត ក្នុងការទទួលយក សមិទ្ធផលដែល ប្រទេសទាំងពីរសម្រេចបានមកដល់ បច្ចុប្បន្នគឺមាន៨៤ភាគរយ ហើយក៏ជាឯកសារគ្រឹះ ការពារបានបូរណភាពទឹកដីកម្ពុជា ដោយមានព្រំដែនមិនឱ្យប្រែប្រួល ថែរក្សាបាននូវព្រំដែន សុខសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ប្រជា ពលរដ្ឋកម្ពុជាតរៀងទៅ។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិស ញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីបញ្ជូនទៅសុំការអនុម័ត ពីស្ថាប័ននីតិប្ប​ញ្ញត្តិ​ដែលរួមមាន ៣មាត្រា៕

ដោយ ប៉ាល់ សុង