អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យសកម្មភាពសន្តិសុខតាមច្រកទ្វារ ព្រំដែនកម្ពុជា-ថៃ

AKP បាត់ដំបង ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — ព្រឹកថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកទាំង៣ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ រួមមាន៖ ស្រុកសំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង ដើម្បីត្រួតពិនិត្យ និង តាមដានសកម្មភាពសន្តិសុខសណ្តាប់ធ្នាប់ នៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃនៅស្រុកទាំង៣ ប៉ែកខាងលិច នៃខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ ផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុក ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរជើងការពារនៅតាមគោលដៅ ត្រូវបន្តអនុវត្តន៍ ពង្រឹងការប្រុងប្រយ័ត្ន ត្រៀមបម្រុងក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត និងតាមបន្ទាត់ព្រំដែន ជាពិសេសទប់ស្កាត់ឱ្យបាននៅសកម្ម ភាពដែលបង្កឡើងក្នុងរូបភាពជាការញុះញង់ បង្កចលាចលធ្វើចលនាកៀរគរពលករនៅថៃចូលកម្ពុជា ពីសំណាក់ក្រុមឧទ្ទាមក្បត់ជាតិដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី មកគាំទ្រចលនារបស់ខ្លួនធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋានធ្វើការណែនាំ និងផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវចូលរួមក្នុងចលនាណាមួយ និងសូមកុំចាញ់បោកការញុះញង់ ឃោសនាជាមួយក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ព្រោះទាំងនេះជាអំពើក្បត់ជាតិ។

សូមបញ្ជាក់ថា នៅតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការដាក់ពង្រាយកងកម្លាំងមួយចំនួន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នៅតាមច្រកទ្វារព្រំដែន ។ ការពង្រាយកងកម្លាំងដើម្បីពង្រឹងសន្តិសុខនេះ បានធ្វើឡើងបន្ទាប់ពីក្រុមជនក្បត់ជាតិ សម រង្ស៉ី បានបង្ហាញផែនការបង្កអសន្តិសុខក្នុងប្រទេស ដោយការធ្វើចលនាកៀរគរពលករនៅថៃចូលកម្ពុជា ដើម្បីគាំទ្រចលនារបស់ខ្លួនធ្វើរដ្ឋប្រហារផ្តួលរំលំរាជ  រដ្ឋាភិបាលស្របច្បាប់ ៕

ដោយ ណយ នឿន(ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង)