ឯកឧត្តម គួច ចំរើន នាំយកអំណោយសាខាកាកបាទក្រហមខេត្តចែកជូនប្រជាពលរដ្ឋទីទ័លក្រនៅស្រុកស្ទឹងហាវ

AKP ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩– ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងសមាជិកសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនបងប្អូនប្រជាពលរដ្ឋទីទ័លក្រចំនួន ៣១០គ្រួសារ មកពីឃុំចំនួន៤  នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននាំយកការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់វណ្ណៈ ពួជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាជួយប្រជាពលរដ្ឋក្រីក្ររបស់យើងឱ្យបានទាន់ពេលវេលា ។

ឯកឧត្ដម បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង ព្រមទាំងបានអំពាវនាវដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ក្រុង និងអ្នកសារព័ត៌មាន ជួយផ្ដល់ព័ត៌មានអំពីប្រជាពលរដ្ឋទីទ័លក្រ ដើម្បីយើងមានឱកាសយកអំណោយទៅចែកជូនពួកគាត់បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងនោះឡើយ ។

អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន ៣១០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ១០កំប៉ុង មី ១កេស ទឹកស៊ីអ៊ីវ ១យួរ កន្ទេល១ ឃីត ១កញ្ចប់ មានមុង១ ភួយ១ ក្រមា១ សារុង១ និងថវិកា ៥០.០០០រៀល ៕

ដោយ ងូ សុមុន