សណ្ឋាគារ Memoire នឹងរៀបចំកម្មវិធីហូបអំបុកសាមគ្គី ហូបអំបុកថែរក្សាជាតិ សាសនា ព្រះ​ម​ហា​ក្សត្រ នៅថ្ងៃទី០៩ខែវិច្ឆិកា

AKP ខេត្តសៀមរាប ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោក សេង សេរីវុធ តំណាង​សណ្ឋា​គារ ​Memoire Palace Resort & Spa ខេត្តសៀមរាប បានឱ្យដឹងថា ដើម្បី​រួម​ចំណែ​ក​ក្នុ​ង​គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីការការ​ពារផល​ប្រយោ​ជន៍​ប្រជា​ជន ក៏ដូច​ជា​ជា​តិ សាសនា ព្រះមហាក្សត្រ ជាពិសេសអបអរសាទថ្ងៃបុណ្យឯករាជ្យ ០៩វិច្ឆិកា ឆ្នាំ ២០១៩ និងដើម្បីទទួលស្វាគមន៍ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីត និងសំពះព្រះខែ ដែលជាប្រពៃណីទំនៀមទម្លាប់ខែ្មរនាពេលខាងមុខនេះ សណ្ឋាគារ MemoirePalaceResort & Spa នឹងរៀបចំកម្មវិធីទទួលទានអំបុកស្រូវថ្មីដោយសេរី ទទួលទានអំបុកថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ និងអាហារប៊ូហ្វេបែបខ្មែរ សម្រិតសម្រាំងយ៉ាងពិសេសដោយរួ​មមា​ន​ទាំ​ង​កា​រ​ស​ម្តែង ល្ខោនស្បែក បូករួមទាំងការ ទស្សនាការដាល់អំបុក ដែលជាទំ​នៀមទ​ម្លាប់​រប​ស់​ដូ​ន​តា​ខ្មែរ។នៅក្នុងកម្មវិធីនេះ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ អាចចូលរួមដាល់អំបុកជា​មួយក្រុ​ម​គ្រួ​សា​រ និងមិត្ដភក្រ្កបាន យ៉ាងសប្បាយរីករាយ និងការរាំលេងកម្សាន្តជាមួ​យស្គរ​ដៃបុ​រា​ណខ្មែ​រ​រ​ហូ​តដល់ចប់កម្មវិធី។

លោកបានបញ្ជាក់ថា គោលបំណងនៃការរៀបកម្មវិធីទទួលទានអំបុកថែរក្សាជាតិ សា​ស​នា ព្រះមហាក្សត្រនេះ គឺចង់បង្ហាញពីការចូលរួមរប​ស់វិស័យឯកជនជាមួយរា​ជរ​ដ្ឋាភិ​បា​ល​​ក្នុងការការពាជាតិ លើកម្ពស់ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ​ទៅឱ្យភ្ញៀវ​ទេសចរអន្តរ​ជាតិ​បា​ន​ឃើញ និងបានឈ្វេងយល់ពីវប្បធម៌របស់ខ្មែរផងដែរ។

សូមបញ្ជាក់ថា កន្លងទៅនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស​យក​ថ្ងៃ​០៩​វិច្ឆិកា ជាថ្ងៃហូបអំបុករួមគ្នាសម្រាប់ពលរដ្ឋនៅកម្ពុជាទូទាំងប្រទេស ហើយកម្មវិធី​នេះអា​ច​នឹ​ង​ធ្វើឱ្យ    ផលិតផលខ្មែរជាពិសេសអំបុកមានការឡើងថ្លៃ។«ព្រោះអំបុក ត្រូវការស្រូវ យក​ម​ក​បុក បានទៅជាអំបុក ស្រូវក៏ឡើងថ្លៃ អំបុកក៏ឡើងថ្លៃ ដូងក៏ឡើងថ្លៃ ចេកក៏ឡើងថ្លៃ ស្ករ​ផែ​ន​ក៏​ឡើងថ្លៃ»នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តីកន្លងទៅ៕

ដោយ ឃុត សៅ