ឯកឧត្ដម ឃួង ស្រេង ផ្ដល់រង្វាន់ដល់សិស្សពូកែ និងសិស្សប្រឡងជាប់និទេ្ទស A

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ — នៅឆ្នាំ២០១៩នេះ ទូទាំងរាជធានីភ្នំពេញមានសិស្សពូកែទាំងពីរភេទ សរុបជាង ៤ពាន់នាក់ ដែលជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ត្រូវ បានអាជ្ញាធររាជធានីបានផ្តល់រង្វាន់លើកទឹកចិត្ត និងការប្រគល់រង្វាន់ជូនសិស្សប្រឡង ជាប់និទ្ទេសA ចំនួន១៤១នាក់ផងដែរ ដោយក្នុងម្នាក់ៗទទួលបាន ថវិកា២លានរៀល។

ក្នុងពិធីបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យជា ស៊ីមសន្ធរម៉ុក  នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ការផ្តល់រង្វាន់ដល់សិស្សពូកែនេះ គឺជាការលើកទឹកចិត្តឱ្យសិស្សានុ សិស្សកាន់តែខិតខំរៀនសូត្រកាន់តែពូកែ ដែលក្លាយជាធនធានដ៏ សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។

ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ គុណភាព ដើម្បីសម្រិត សម្រាំងរកធនធានមនុស្សពិត ចំណេះវិជ្ជាពិត និងការងារពិត ដើម្បីអាចឆ្លើយតបបានទៅជាមួយនឹងតម្រូវការអភិវឌ្ឍ នៃសង្គមដូច្នេះសិស្សានុសិស្សត្រូវតែបន្ដការយកចិត្តទុកដាក់រៀនសូត្រឱ្យបានជាប់ជាប្រចាំ។ សិស្សានុសិស្សដែលទទួលបានជ័យលាភីត្រូវតែយល់ឱ្យច្បាស់ថា ចំណេះដឹង គឺជាទ្រព្យដ៏សំខាន់នៅក្នុងជីវិតមនុស្ស មានអនាគតល្អ ហើយចំណេះនេះហើយ ដែលចាយមិនអស់ ចោរលួចមិនបាន ដែលក្មួយៗទំាងអស់ត្រូវយកចិត្តទុកដាក់ ខណៈសម្តេចតេជោ បានគាំទ្រសព្វបែបយ៉ាង ទំាងសម្ភារមធ្យោបាយ ស្មារតីជូន ដល់សិស្សានុសិស្ស ដូច្នេះក្មួយៗត្រូវតែប្រឹង ប្រែងបន្ថែមទៀត។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្នាំសិក្សា២០១៨-២០១៩ កន្លងទៅនេះរាជធានីភ្នំពេញមាន សិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ ពីថ្នាក់៩ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មានចំនួន៣.៦០៩នាក់ សិស្សស្រី២.៤១១នាក់។ លទ្ធផលដែលសិស្សទទួលបាននាពេលនេះ គឺសិស្សានុសិស្សខ្លួនឯងផ្ទាល់បានព្យា យាមរៀនសូត្រក្នុងនាមជាកូនល្អ សិស្សល្អហើយ លោកគ្រូ អ្នកគ្រូបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀន។

លោកបានបញ្ជាក់ថា ការប្រកួតប្រជែងសម្រាប់សិស្សពូកែជារៀងរាល់ឆ្នាំនេះ គឺបានធ្វើឡើងស្របតាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបើកឱ្យមានការប្រកួតប្រជែងរហូតចេញទៅប្រឡងនៅថ្នាក់តំបន់ និងនៅលើពិភព លោកទៀតផង។

លោកបានបន្ថែមថា ផ្តើមចេញពីការលើកឡើងនូវអនុសាសន៍បែបនេះពិតជា មានប្រសិទ្ធភាព ដើម្បីឱ្យសិស្សខិតខំរៀនសូត្រយកស្នាដៃ ព្រោះថា នេះជាកម្លាំងចលករលើកទឹកចិត្ត ដើម្បីបំផុសស្មារតីដល់គណៈនាយកសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាមាតា បិតា អាណាព្យាបាល បានយល់ដឹងរួមគ្នាយកចិត្តទុកដាក់ អប់រំកូនចៅបានល្អផងដែរ៕

ដោយ សួស សំរិត