កម្មវិធី​ សប្ដាហ៍​ថាមពល​ស្អាត​ ​អំពាវនាវ​ដល់​​សាធារណជន​ មេត្តា​ចូលរួម​គាំទ្រ​​សមិទ្ធផល​​ក្នុង​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នៅ​កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្នុង​ឆ្នាំ​២០១៩នេះវិស័យ​ថាមពល​ស្អាត​នៅ​កម្ពុជា បានកំពុង​មាន​ការ​រីក​ចម្រើន​គួរ​​ជា​ទី​មោទនៈ ក្នុងនោះ កម្មវិធី​ «សប្ដាហ៍​ថាមព​ល​ស្អាត ២០១៩»​ ចូលរួមអបអរ​​សាទរ​​ចំពោះការផ្សព្វ​ផ្សាយ​អំពី​សមិទ្ធផល​​នេះ។

កម្មវិធី​ សប្ដាហ៍​ថាមពល​ស្អាត ​ចូល​រួម​អបអរ​ និង​ផ្ដល់​​ឱកាស​ក្នុង​ការ​បង្ហាញ​អំពី​សក្ដានុ​ពល​នៃ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នៅ​កម្ពុជា។ ក្នុងកម្មវិធី​នេះ​​​មាន​ព្រឹត្តិការណ៍​ចំណុះ​ជាង​៣០​​នៅ​ទូទាំង​​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​​ចាប់​ពី​ថ្ងៃ​ទី០​១​ ដល់​ថ្ងៃ​ទី០​៧ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ ​ កម្មវិធីសប្ដាហ៍​ថាមពល​ស្អាត ​នឹង​ផ្ដល់​ឱកាស​ជូន​សិស្សនិស្សិត អ្នក​អភិវឌ្ឍន៍​គម្រោង​ថាមពល អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ អ្នក​ជំនាញ​ការ​ផ្នែក​ថាមពល សហគ្រិន នវា​នុវត្តន៍​ករ​បច្ចេកវិទ្យា និង​អ្នក​មាន​ចំណាប់​អារម្មណ៍​លើ​បច្ចេកវិទ្យា​ទាំង​អស់​ឈ្វេង​យល់​អំពី​គម្រោង​ផ្សេងៗ សិក្សា និង​ពិភាក្សាអំពី​ថាមពល​ស្អាត​ និង​ជួប​ជជែក​ជាមួយ​នឹង​អ្នក​ជំនាញ​ក្នុង​វិស័យ​ពាក់ព័ន្ធ។ សកម្មភាព​ទាំង​នេះ ​នឹង​បិទ​បញ្ចប់​ដោយរាត្រី​​ ព្រឹត្តិការណ៍​ពិព័រណ៍​និងកម្សាន្ត​​សប្ដាហ៍​ថាមពល​ស្អាត ដែល​នឹង​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន​ថាមពល​ចំនួន​១៥។ ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​នេះ នឹង​មាន​ការ​ធ្វើ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​ទៅ​រោងចក្រ​ធ្យូង​អនាម័យ​របស់​ក្រុមហ៊ុន​ធ្យូង​អនាម័យខ្មែរ​ ហ្គ្រីន ឆាលខូល ឯ.ក (Khmer Green Charcoal Co., Ltd.)។ ក្រុមហ៊ុន​នេះ​ កំពុង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ទប់ស្កាត់​ការ​បាត់បង់​ព្រៃឈើ ទន្ទឹម​នឹង​ការ​ផ្គត់ផ្គង់​​ផលិតផល​មួយ​ដែល​ជួយ​ការពារ​សុខភាព​នៃ​អ្នក​ប្រើ​ប្រាស់។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន អេធិក​ បាយអូដាយចេស្តឺ​​ អិនធឺណាសិនណាល់ (ATEC Biodigesters International) ក៏​នឹង​ស្វាគមន៍​សាធារណជន​ឱ្យ​​ចូលមើល​ផ្ទះបាយ​គំរូ​របស់​អតិថិជន​ខ្លួន ដើម្បី​ជួយឱ្យ​​សាធារណជន​ឈ្វេងយល់​ច្បាស់​អំពី​ការ​កែ​ច្នៃ​កាក​សំណល់​ដើម្បី​ចម្រាញ់យក​​ឧស្ម័ន​ស្អាត​សម្រាប់​ចម្អិន​អាហារ​ និងអំពី​​គុណប្រយោជន៍​នៃ​បច្ចេកវិទ្យា​នេះ​ចំពោះ​ជីវភាព​​​អ្នក​ប្រើប្រាស់។ ក្រុមហ៊ុន អេកូសាន់ (ខេមបូឌា) (Ecosun (Cambodia)) ក៏​នឹង​បើទ្វារ​ដំណើរ​ការ​នា​ថ្ងៃ​សៅរ៍ ដើម្បី​ស្វាគមន៍​អ្នក​ចូល​ទៅ​ទស្សនា​និង​ឈ្វេង​យល់​បន្ថែម​អំពី​ផលិតផល​​របស់​ខ្លួន​ដែល​ផ្ដល់​អគ្គិសនី​ដល់​​សហគមន៍​ជនបទ​ដែល​គ្មាន​​ខ្សែ​បណ្ដាញ​អគ្គិសនី​ទៅ​ដល់។

សម្រាប់​អ្នក​ដែល​កំពុង​ស្វែង​រក​កម្មវិធីនៅ​ភ្នំពេញ​​ដើម្បី​ចូលរួម​កម្មវិធី​សប្ដាហ៍​ថាមពល​ស្អាតបាន​សហការ​ជាមួយ​នឹង​ Factory Films និង​អង្គការ​មូលនិធិ​ពិភព​លោក ​ដើម្បី​ធម្មជាតិ (WWF) ដើម្បី​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​ក្រោម​ចំណង​ជើង «ភព​របស់​យើង» ត្រង់​វគ្គ​ទឹក​សាប ដែល​លើក​យក​​​បញ្ហា​​គម្រោង​វារី​អគ្គិសនី​ខ្នាត​ធំ​ក្នុង​ទន្លេមេគង្គ និង​ជម្រើស​​នានា​ដោយ​ឡែក​ពី​នេះមក​បង្ហាញ។ បន្ទាប់​ពី​នេះ នា​ថ្ងៃទី០​៦ ខែ​វិច្ឆិកា អង្គ​ការអុកស្វាម (Oxfam) អង្គការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម (CVS) និង​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) នឹង​សហការ​រៀបចំ​កិច្ច​ពិភាក្សា​ថាមពលស្អាត ​លើ​ប្រធានបទ​ «ជម្រើស​​ផ្សេងៗ​ជំនួស​ឱ្យ​វារី​អគ្គិសនី​ខ្នាត​ធំ»។ រី​ឯក្រុមហ៊ុន Sirea នឹង​រៀបចំ​បើ​កទ្វារ​រោង​ជាង​ខ្លួន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ជូន​សាធារណជន ដើម្បី​បង្ហាញ​អំពី​ដំណោះ​ស្រាយ​ដ៏​អស្ចារ្យ​ក្នុង​ការ​បង្កើន​ទិន្នផល​ប្រព័ន្ធ​ថាមពល​ និង​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ តាម​រយៈ​បច្ចេកវិទ្យា​ស្វ័យ​ប្រវត្តិកម្ម​។

កម្មវិធី​ សប្ដាហ៍​ថាមពល​ស្អាត ​ក៏​នឹង​ផ្ដល់​ឱកាស​ឱ្យ​​នវានុវត្តករ យុវជន និង​សហគ្រិន​បាន​ជួបជុំ​គ្នា​នៅ Impact Hub ក្នុង​កម្មវិធី «នវានុវត្តន៍​បៃតង៖ ប្លុកឆេន, បញ្ញា​សិប្បនិមិត្ត និង​សញ្ញាបណ្ណ​បៃតង» និង​កិច្ច​ពិភាក្សា ​ដែល​រៀបចំ​ដោយ​ក្លឹប​តស៊ូមតិ​របស់​វិទ្យាស្ថាន​ភាសាបរទេ​ស​​លើ​ប្រធានបទ «​តើ​កម្ពុជា​គួរ​ហាម​ឃាត់​ការ​ប្រើប្រាស់​ឥន្ទនៈ​ហ្វូស៊ីល​ឬ​ទេ?»។ ទន្ទឹម​នឹង​នេះ នឹង​មាន​សិក្ខាសាលា​ចំនួន​ជាង​២០ សម្រាប់សិស្ស​និង​និស្សិត​ ព្រមទាំង​មាន​កម្មវិធី​​ ប្រកួត​ប្រជែង​​ថាមពល​ស្អាត ដែល​បើកឱកាស​ឱ្យ​ប្អូនៗ​សិស្ស​វិទ្យាល័យ​បាន​ឈ្វេង​យល់​ពី​អាជីព​​និង​អនាគត​នៅ​ក្នុង​វិស័យ​ថាមពល​ស្អាត៕

ដោយ ប៉ាល់ សុង