នាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជាបើកកិច្ចប្រជុំជាមួយប្រតិភូ គ្រូបង្វឹកទាំង៣០ប្រភេទកីឡា សម្រាប់ត្រៀមស៊ីហ្គេម នៅប្រទេសហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រុមប្រតិភូ គ្រូបង្វឹកនៃសហព័ន្ធកីឡា ជាតិទាំង៣០ប្រភេទ កីឡារបស់កម្ពុជាបាន​ចូលរួម កិច្ចប្រជុំ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីទទួលយកនូវព័ត៌មាន និង ការ ណែនាំនានាពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្មកម្ពុជា សម្រាប់ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែល គ្រោងនឹងដំណើរការជាផ្លូវការ ក្នុងពិធីបើកនាថ្ងៃទី៣០ ខែវិច្ឆិកា ដល់ពិធីបិទថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកម្ពុជាសម្រាប់ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដើម្បីជម្រាបជូនពីពត៌មានទូទៅគ្រប់ទម្រង់ទាំងអស់ ដើម្បី​បង្កើន​ការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ក៏ដូចជានៅ​ក្នុងបេសកកម្មស៊ីហ្គេម លើកឱ្យ ទទួលបានជោគជ័យយកមកជូនជាតិ។

ឯកឧត្ដមបានបន្ថែមទៀត កិច្ចប្រជុំនេះបានផ្តោតសំខាន់ផងដែរលើការបញ្ជាក់ពីកម្មវិធីធំៗ នៅ​ក្នុងស្រុក ក៏ដូចជារបៀបរបបបែបនេះ នៅប្រទេសហ្វីលីពីន មុនការប្រកួត និងក្នុងអំឡុង​ពេល​ប្រកួត និងក្រោយពេលប្រកួតជាដើម ដោយមានប្រភេទកីឡាមួយចំនួនត្រូវប្រកួត​នៅទី​ក្រុងម៉ានីល និងនៅទីក្រុងរណបថ្មីទី២ របស់ប្រទេសហ្វីលីពីន។ ជាមួយគ្នានោះឯកឧត្តម និងតំណាងសហព័ន្ធកីឡាជាតិនានាបានត្រួស ត្រាយលើបញ្ហាប្រឈមមួយចំនួន ក៏ដូចជា បានផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមកនូវអ្វីដែលជាឧបសគ្គ ដើម្បីឈ្វេងយល់ សម្រប​សម្រួល​ឱ្យទាន់ពេលវេលា ក្នុងគោលដៅកុំឱ្យមានបញ្ហារាំងស្ទះដល់ដំណើរការនៃការប្រកួត។

ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូនថា នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ ក្រុម​ប្រតិភូកីឡាករ កីឡាការិនី ជម្រើសជាតិទាំងអស់នឹងទទួលបានការអនុញ្ញាតឱ្យ​ចូលជួប​សម្តែងការគួរសម និងទទួលស្តាប់ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ ឯកឧត្តមបណ្ឌិត ថោង ខុន បានប្រកាស​កាលពី​ដើមឆ្នាំនេះថា ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន គឺជាយុទ្ធសាស្រ្ត​ទី១ ឈានឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ចំពោះថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ គ្រប់ប្រតិភូ គ្រូបង្វឹក អត្ត​ពលិកទាំងអស់នឹង ត្រូវជួបជុំគ្នា ធំមួយជាមួយថ្នាក់ ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅទីក្រុងម៉ានីល មុនពិធីបើកការ​ប្រកួត​ជាផ្លូវការ៕

ដោយ ហេង ណាលីន