សម្តេចក្រឡាហោម ស ខេង លើកទឹកចិត្តជូនជ័យលាភីក្រុមកីឡានគរបាលជាតិ ដែលឈ្នះ​មេដាយពីកីឡានគរបាលពិភពលោក

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានផ្តល់ អនុសាសន៍ ណែនាំឱ្យប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជាត្រូវសំឡឹង មើលប្រភេទកីឡាណា ដែល ប្រើប្រាជ្ញា និងបញ្ចេញនូវថាមពលសមល្មមឱ្យក្រុមកីឡានគរបាលហ្វឹកហាត់ ពង្រឹងសមត្ថ ភាពឱ្យខ្លាំង ដើម្បីមានលទ្ធភាពប្រជែងដណ្តើមបានមេដាយមកជូនអង្គភាព និងប្រទេស កម្ពុជាពីការប្រកួតកម្រិតអន្តរជាតិធំ ដែលអង្គភាពបញ្ជូនទៅចូលរួម។ ការលើកឡើង អនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើង នៅក្នុងពិធីសំណេះសំណាល ជាមួយប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីអង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ជាមួយ ប្រតិភូដែលដណ្តើមជ័យលាភីពីព្រឹត្តិ​ការណ៍ប្រកួត The 18th World Police and Fire Game 2019 Chengdu នៅប្រទេសចិន កន្លងទៅ។

សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការគាំទ្រពេញចិត្ត យ៉ាងខ្លាំងចំពោះសមិទ្ធ​ផល ដែលអត្ត ពលិកកីឡានគរបាលកម្ពុជាប្រជែងដណ្តើមបានពីព្រឹត្តិការណ៍ប្រកួត The 18th World Police and Fire Game 2019 ក្នុងការចូលរួមជាលើកទី១របស់ខ្លួន។ សម្តេចបានជំរុញ​លើកទឹកចិត្តឱ្យអត្តពលិកកីឡាទាំងអស់ខិតខំឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីនាំយក​មេដាយ​ពីការប្រកួតធំៗលើឆាកអន្តរជាតិមកជូនកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡានគរបាលពិភពលោកនេះ គឺកម្ពុជាបាន បញ្ជូន១៣ប្រភេទកីឡា ហើយជាលទ្ធផលឈ្នះមេដាយសរុប៤៦គ្រឿង មេដាយមាស១៨​គ្រឿង ប្រាក់១៧គ្រឿង និងមេដាយសំរឹទ្ធិ១១គ្រឿង។

ចំពោះអត្តពលិកដែលប្រជែងដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិពីព្រឹត្តិការណ៍​នគរបាល​ពិភពលោកនេះទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្តពីសម្តេចក្រឡាហោម ស ខេង ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាន​ទី១ សហព័ន្ធ កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជួយឧបត្ថម្ភ ១.៦០០ដុល្លាបន្ថែមដល់ក្រុម​កីឡាករ​ទូកប្រពៃណី “ទូកនាគ” ដែលទទួលបានមេដាយមាស១គ្រឿង ហើយឯកឧត្តមក៏បាន​ឧបត្តម្ភ​ថវិកា៩.០០០ដុល្លារ សម្រាប់ទិញទូកនាគចំនួន ២គ្រឿងផងដែរ៕

ដោយ ហេង ណាលីន