ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នទទួលជួបប្រធានក្រុម​ប្រឹក្សា​ភិបា​ល​នៃ​មូ​ល​និ​ធិសកល

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩–ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា​យ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប លោក Dr. Donald Kaberuka ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល (The Global Fund) នារសៀលថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចស​ហ​ប្រ​តិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសកល។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាង​កក់ក្តៅជូន​ចំពោះ​លោ​ក Dr. Donald Kaberuka ក្នុងឱកាសដែលបានអញ្ជើញមកបំ​ពេញបេសកកម្ម​ការងារនៅ​កម្ពុ​ជា​លើ​​កទី១ បន្ទាប់ពីទើបបានចូលកាន់តំណែង​ជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល កា​ល​ពី​​ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ  ហើយឯកឧត្តមក៏បានថ្លែង​ការ​អបអរសា​ទរចំ​ពោះមូ​ល​និធិ​ស​កល ដែលសម្រេចបាននូវការកៀរគរថវិកាលើសពីការគ្រោងទុកបានចំនួនរហូតដល់ ១៤,០២ ប៊ីលា​នដុល្លារអាមេរិក ក្នុងសន្និសីទកៀរគរថវិកាលើកទី៦របស់ខ្លួននៅទីក្រុងលីយ៉ុង ប្រទេ​ស​បា​រាំ​ងថ្មីៗនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះកិច្ចសហប្រតិ​ប​ត្តិ​​ការរបស់មូលនិធិសកល​នៅ​កម្ពុជា​អស់រយៈពេលជាង២ទសវត្សរ៍កន្លងមក ដែលគិតរហូតមក​ដ​ល់​​ពេលនេះបានទទួលហិរញ្ញប្បទានពីមូលនិធិសកល​ចំនួនប្រមាណ ៥១៥,៩៥ លានដុ​ល្លារ​អា​មេ​រិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងបីរួមមាន ជំងឺអេដស៍ របេង និងជំងឺ គ្រុនចាញ់ និង​ជាពិ​សេ​ស​​ជួយឱ្យកម្ពុជាសម្រេចបានគោលដៅ ៩០-៩០-៩០​ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍មុនការ គ្រោងទុក​។

សមិទ្ធផលដែលកម្ពុជា ទទួល​បាន​នាពេលនេះ គឺបានរួមចំណែកដ៏ធំធេងក្នុង​ដល់ការ​អភិ​វឌ្ឍ​​ជាតិ ដែលស្របតាមចក្ខុវិស័យប្រកបដោយមហិច្ឆិតា​នៃ​ផែនការ​យុទ្ធសា​ស្ត្រសុខា​ភិបា​ល​២​០១៦-២០២០ គឺ“ប្រជាពលរដ្ឋកម្ពុជាទាំងអស់ មាន​សុខភាព និងសុខមាលភាពកាន់តែ​ប្រសើរ​ឡើង ​ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចប្រកបដោយ ចីរភាព”។

ជាការឆ្លើយតប លោក  Dr. Donald Kaberuka ក៏បានថ្លែងនូវការអរគុ​ណចំពោះរាជ​រដ្ឋា​ភិ​បា​ល​កម្ពុជាដែលបាន គាំទ្រដល់ប្រតិបត្តិការរបស់មូលនិធិសកលកន្លងមក​ តាមរយៈកិច្ចស​ហកា​រ​ដ៏​ពេ​ញលេ​ញគ្រប់លំដាប់ថ្នាក់ និងស្មារតីគោរព គ្នាទៅវិញទៅមក ធ្វើយ៉ាងណា​ឱ្យឈា​ន​ទៅ​ស​ម្រេ​ច​បានគោលដៅ។

បន្ថែមពីនេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធប្រទេសរបស់កម្ពុជា (Country System) និងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំអនុវត្តគម្រោង ហិរញ្ញប្បទា​ន​ដោ​​​​​យមូលនិធិសកលដើម្បីឈានទៅសម្រេចបានលទ្ធផល គួរជាទីមោទនៈ ជាក់ស្តែង​កម្មវិធី​ប្រ​យុ​ទ្ធ​ប្រឆាំង នឹងជំងឺអេដស៍ និងរបេង​ នៅកម្ពុជាសម្រាប់ឆ្នាំ២០១៨-២០២០ ដែលកំពុងអនុវត្ត​ត្រូវ​បា​ន​​​មូលនិធិសកលវាយតម្លៃ បាន​ជាប់​ចំណាត់ថ្នាក់ A2 ដោយសម្រេចបាន ៩៩ភាគរយ នៃសូច​នាក​រ​ដែ​ល​ជា Excellence Rating Exceptionally។

លើមូលដ្ឋាន​នៃសមិទ្ធផលដែលសម្រេចបាននេះ លោក Dr. Donald Kaberuka ក្នុងនាមមូ​លនិ​ធិសកល បានសន្យាបន្ដពង្រីក​កិច្ច​សហប្រតិបត្ដិការ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសក​ក​ម្ម​​​ប្រយុទ្ធប្រឆាំ​ងនឹងជំងឺទាំងបីនេះបន្តទៀត ក្នុងទំហំហិរញ្ញប្បទាន​សហប្រតិបត្តិកា​រកាន់តែ​ធំជា​ង​មុ​ន ដើម្បីជួយសង្គ្រោះ​ជីវិតមនុស្ស កាត់បន្ថយអត្រាមរណៈ និង​ឈានទៅលុបបំបាត់​ការរីក​រា​ល​ដា​​លទាំងស្រុងនៃជំងឺទាំងបីមុនដំណាច់ ឆ្នាំ២០៣០។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណសារជាថ្មីម្តង​ទៀ​ត​ដល់​មូលនិធិសកល ចំពោះជំហរបន្តគាំទ្រ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ​រាជ​រ​ដ្ឋា​ភិបាលកម្ពុជា និងជូនពរលោក Dr. Donald Kaberuka  ឱ្យទទួលបា​នជោគ​ជ័យ​ក្នុង​ការ​បំពេ​ញ​តួ​នា​ទី​ជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល៕

ដោយ គង់ សិរីរ័ត្ន