អគ្គលេខាធិការ​នៃមជ្ឈ​មណ្ឌល​អាស៊ាន-កូរ៉េ ណែនាំឱ្យភ្នាក់ងារទេសចរកម្ពុជាសិក្សាឱ្យបានច្បាស់ ពីចំណូលចិត្តភ្ញៀវទេសចរកូរ៉េ ដើម្បីទាក់ទាញឱ្យមកកម្សាន្តនៅកម្ពុជាឱ្យបានច្រើន

AKP សៀមរាប ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ថ្លែងនៅក្នុង​ពិធីបិទសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពផ្នែកទេសចរលើជំនាញ ទេសចរណ៍ឌីជីថល និងការធ្វើទីផ្សារតាមបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌអាស៊ាន-កូរ៉េ នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម Lee Hyuk អគ្គលេខាធិការ​នៃមជ្ឈ​មណ្ឌល​អាស៊ាន-កូរ៉េ បាន​មានប្រសាសន៍ថា កាលពីប៉ុន្មានឆ្នាំមុនអ្នកទេសចរជនជាតិកូរ៉េ ដែលមក កម្សាន្តនៅកម្ពុជា គឺចូលចិត្តមកជាលក្ខណៈជាក្រុម ប៉ុ​ន្តែបច្ចុប្បន្នបរិបទនៃការធ្វើដំណើរ កម្សាន្តរបស់អ្នកទេសចរកូរ៉េ គឺមាន​ការប្រែប្រួលពីការដើរលេងជាក្រុមមកជាការដើរ លេងជាលក្ខណៈគ្រួសារច្រើនជាង។ ដូច្នេះដើម្បី​ទាក់ទាញ​អ្នកទេសចរកូរ៉េឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើន​ទីភ្នាក់ងារទេសចរកម្ពុជាទាំងអស់ ត្រូវសិក្សាឱ្យបានច្បាស់ពីចំណូលចិត្ត ការពេញនិយមរបស់អ្នកទេសចរកូរ៉េ និងជ្រើសរើសយកប្រព័ន្ធផ្សព្វផ្សាយណា ដែលជនជាតិកូរ៉េចូលចិត្តមើលច្រើន ហើយធ្វើការផ្សព្វផ្សាយឱ្យចំគោលដៅព្រោះថា ការធ្វើទីផ្សារតាមបច្ចេកវិទ្យានេះ គឺមានសារៈសំខាន់ណាស់។ ប៉ុន្តែបើយើងជ្រើរើសប្រព័ន្ធផ្សព្វផ្សាយខុស គឺយើងមិនអាចទាក់ទាញអ្នកទេសចរកូរ៉េបាន​នោះទេ។ ឯកឧត្តមពន្យល់ថា សម្រាប់នៅកម្ពុជាបណ្តាញទំនាក់ទំនង់សង្គមហ្វេប៊ុក គឺមានការ ពេញនិយម និងមាន​អ្នកមើលច្រើន ប៉ុន្តែនៅប្រទេសកូរ៉េ មិនប្រាកដនោះទេ គេអាចមើល Instagram និងYouTube ច្រើនជាង។

ឯកឧត្តមបន្តថា សម្រាប់អគ្គលេខាធិការ​នៃមជ្ឈ​មណ្ឌល​អាស៊ាន-កូរ៉េ និងសហការ និងគាំទ្រដល់ការបណ្តុះបណ្តាល​ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុង​វិស័យ​ទេស​ចរណ៍ ជាពិសេសពង្រឹងសមត្ថភាពដល់អ្នកជំនាញទេសចរ មគ្គុទ្ទេសក៍ទេសចរ និងប្រតិបត្តិករ​ទេស​ចរ ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងជំនាញនៅក្នុងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរកូរ៉េ​មក​កាន់កម្ពុជា ជាពិសេសនិងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនកូរ៉េ ឱ្យបានទំលំទូលាយ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខា​ធិការ​ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ភាពរីកចម្រើន​នៃ​វិស័យ​ទេស​ចរណ៍ និងការប្រែប្រួលនៃការធ្វើដំណើរកម្សាន្តរបស់អ្នកទេសចរ គឺចាំបាច់ត្រូវឱ្យយើងធ្វើការសិក្សា។ សិក្ខាសាលាបណ្តុះបណ្តាល លើជំនាញទេសចរណ៍ឌីជីថល និងការធ្វើទីផ្សារតាមបច្ចេកវិទ្យានេះ គឺត្រូវបានរៀបចំឡើងចំពេលវេលាស្របតាម​ការសភាពការណ៍​វិវត្តន៍ថ្មីៗ នៃអាជីវកម្មទេសចរណ៍ក្នុងបរិបទយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤.០ ជាពិសេសស្រប​តាម​សំណូម​ពរ​​របស់​អ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅក្នុងការអភិវឌ្ឍសមត្ថភាព​លើការ​ប្រើ​ប្រាស់ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុងការជំរុញផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរជនជាតិកូរ៉េ ឱ្យមានកម្សាន្តនៅកម្ពុជាឱ្យបានកាន់​តែច្រើន​។

នៅក្នុងសិក្ខាសាលានេះ ក្រៅពីការចែករំលែកចំណេះដឹង និងបទ​ពិសោធន៍​ថ្មីៗ ពីសំណាក់វាគ្មិន និងសាស្រ្តាចារ្យជាតិ និងអន្តរជាតិ ដែលផ្តោតទៅលើការប្រើប្រាស់ឌីជីថល និងការធ្វើទីផ្សារតាមបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌអាស៊ាន-កូរ៉េនេះ ក៏មានការចែករំលែកចំណេះដឹង​ទៅលើការអភិវឌ្ឍ​សមត្ថភាពលើការរៀបចំយុទ្ធសាស្រ្ត និងការផ្តល់សេវាកម្មទេសចរណ៍ កាន់តែល្អប្រសើរផងដែរ៕

ដោយ ឃុត សៅ