អភិបាលខេត្តបន្ទាយមានជ័យ ជំរុញកងកម្លាំងប្រដាប់អាវុធទាំងអស់​​​ពង្រឹងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ — អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ​​ទាំងអស់ ត្រូវបង្កើនពង្រឹងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទាំងនៅ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចនៅក្នុងខេត្តឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

ការលើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី យ៉ាងដូច្នេះកាលពីព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះក្នុងឱកាស អញ្ជើញត្រួតពិនិត្យមើល​ការហ្វឹកហាត់រួមគ្នារវាង ​កងកម្លាំងប្រដាប់ទាំងបីមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាលនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបង្កើនការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព និងស្ថិរភាពនយោបាយ។

អភិបាលខេត្តបន្ទាយមានជ័យបន្តទៀតថា កងកម្លាំងប្រដាប់អាវុធទាំងអស់ប្តេជ្ញា ការពារដាច់ខាតជាតិសាសនាព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលស្របច្បាប់ហើយប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលដោយក្រុមក្បត់ជាតិសមរង្ស៊ីនោះ។

ឯកឧត្តមបន្តទៀតថា យើងទាំងអស់គ្នាត្រូវរួមកម្លាំងថែរក្សាតម្លៃ នៃសន្តិភាពឱ្យ បានជាដាច់ខាតកុំជឿលើសម្តីញុះញង់របស់ជនក្បត់ជាតិទណ្ឌិតសមរង្ស៊ីដែលចង់ផ្តួលរំលំរាជរដ្ឋា​ភិបាល ស្របច្បាប់ កើតចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជានោះ។​​

ឯកឧត្តម អ៊ុំ រាត្រីបានថ្លែងគូសបញ្ជាក់ទៀតថា ប្រទេសជាតិមានការរីកចម្រើន គ្រប់វិស័យមានការអភិវឌ្ឍមានធនធានមនុស្សទាំងនេះហើយដោយសារការខិតខំប្រឹងប្រែងក្រោមការ​ដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋនិង​​ប្រទេស​​ជាតិ ​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យកុំមានការភ្ញាក់ផ្អើលនិងព្រួយ​បារម្ភចំពោះមានការចល័តកម្លាំងប្រដាប់អាវុធនេះ ព្រោះដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់​ទាំងនៅព្រំដែនក៏ដូចក្នុងខេត្ត៕

ដោយ ឈុន សារ៉ាត