សហគមន៍ Maizidian  ចាត់ទុកជាសហគមន៍រស់នៅ​មានសុវត្ថិភាពបំផុត សម្រាប់ប្រជាជន និងជនបរទេស នៅក្នុងទីក្រុងប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ — មជ្ឈមណ្ឌលផ្ដល់សេវាកម្មក្នុងតំបន់សហគមន៍ Maizidian គឺជាសហគមន៍មួយដែល​បាន​បង្កើតឡើងនៅតំបន់ជាយរាជធានីប៉េកាំង ក្នុងប្រទេសចិន ដែលមានលំនៅឋានជាង​៣៥.០០០ សម្រាប់អ្នករស់នៅក្នុងតំបន់នេះ និងមានជនបរទេសជាង២.៨០០នាក់ មកពី៨៧​ប្រទេស បានមករស់នៅក្នុងតំបន់សហគមន៍ Maizidianនេះ។ សម្រាប់សហគមន៍ Maizidian នេះ ត្រូវបានចាត់ទុកជាសហគមន៍រស់​នៅមានសុវត្ថិភាព​បំផុត សម្រាប់ការរស់នៅរបស់​ប្រជា​ជន និងជនបរទេស នៅក្នុងតំបន់នេះ ដែលមានទីតាំង​ស្ថិតនៅជាយទីក្រុងប៉េកាំង ក្នុង​ប្រទេសចិន។ នេះបើតាមការបញ្ជាក់ពីអ្នកគ្រប់​គ្រងមជ្ឈ​មណ្ឌល​ផ្ដល់សេវាកម្មក្នុងតំបន់​សហ​គមន៍ Maizidian ប្រាប់ដល់អ្នកសារព័ត៌មាន​មកពី​ប្រទេស​អាស៊ាន ខណៈពេលទៅទស្សន​កិច្ចនៅក្នុងសហគមន៍នេះ កាលពីពេលថ្មីៗ នៅក្នុងទី​ក្រុង​ប៉េកាំង ប្រទេសចិន។ បើតាមការលើកឡើងរបស់អ្នកគ្រប់គ្រងមជ្ឈមណ្ឌលបានឱ្យដឹងថា ការបង្កើត​​សហ​គមន៍ Maizidian នេះឡើងក្នុងគោលដៅរៀបចំប្រព័ន្ធការពារ និងផ្ដល់​សេវា​កម្មសាធារណៈ និង​ពង្រីកតំបន់នេះឱ្យក្លាយទៅជាសហគមន៍លំដាប់អន្ដរជាតិ ដែលមានមជ្ឈមណ្ឌលគ្រប់ គ្រង​ទីក្រុងធំទូលំទូលាយ និងជាកន្លែងសម្រាប់ការផ្ដល់សេវាសាធារណៈប្រចាំតំបន់ កន្លែង​ផ្ដល់ព័ត៌​មានសម្រាប់សហគមន៍ មជ្ឈមណ្ឌលផ្ដល់សេវាសុខភាពក្នុងសហគមន៍ ក្លឹបយុវជន​អន្ដរជាតិ បណ្ណាល័យភាសាបរទេស និងមានកន្លែងហ្វឹកហាត់កាយនិតិសម្បទាផងដែរ។ ជាមួយ​គ្នានេះ សហគមន៍ ក៏បានផ្ដល់ការងារដល់មនុស្សចាស់ ការបណ្ដុះបណ្ដាល និងអប់រំ​ជំនាញផ្សេងៗ ដល់​​​មនុស្ស​ចាស់ និងកុមារ ការបង្កើតកម្មវិធីរាំ ការគូរគំនូរ និងបង្កើតកម្មវិធី​សប្បាយ និង​សកម្មភាព​ផ្សេងៗ​ជា​ច្រើនទៀតពាក់ព័ន្ធនឹងសិល្បៈ វប្បធម៌ និងកីឡា​ជាដើម៕

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង