សិក្ខាសាលាផ្សព្វផ្សាយការអភិវឌ្ឍទីក្រុងដោយនិរន្តរភាពក្រោមប្រធានបទ ” ការប្រើប្រាស់អំពូលបំភ្លឺផ្លូវ ប្រសិទ្ធភាពថាមពលសម្រាប់ទីក្រុងឆ្លាតវៃ “

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិ វឌ្ឍន៍ដោយចីរភាព នាថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ការអភិវឌ្ឍទីក្រុងដោយនិរន្តរភាពក្រោមប្រធានបទ”ការប្រើប្រាស់អំពូលបំភ្លឺផ្លូវប្រសិទ្ធភាពថាមពលសម្រាប់ ទីក្រុងឆ្លាតវៃ ” នៅទីស្តីការក្រសួង។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើង ស្របតាមបរិការណ៍រួម នៃការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងការរស់នៅដោយចីភាព ព្រមទាំងស្ថិតក្នុងក្រប   ខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន និងក្រុមហ៊ុនឯកជន មីនេបៀម៉ីតសុមិ អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធដទៃទៀតក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងស្តីពីការប្រើប្រាស់អំ ពូលបំភ្លឺផ្លូវ ប្រសិទ្ធភាពថាមពលសម្រាប់ទីក្រុងឆ្លាតវៃ ជំរុញការវិនិយោគ ការប្រើប្រាស់ បច្ចេកវិទ្យាទំនើបពហុបំណង លើកកម្ពស់ការសន្សំសំចៃថាមពល និងការរួមចំណែករបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងអភិក្រមនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជាទិសដៅចំពោះមុខ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយបរិយាប័ន្ន ឈានឆ្ពោះទៅសម្រេច បាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាល ចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លាថែមទៀត ក្នុងការជំរុញធ្វើពិពិធកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិឌីជីថល ក្នុងនោះការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រ គឺជាមុខសញ្ញាដ៏សំខាន់បំផុត។

ឯកឧត្តមបានបន្តថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា និយាយរួមគឺត្រូវបន្តអនុវត្តន៍ក្នុងស្មារតីទទួលខុសត្រូវ នូវគោលដៅជាយុទ្ធសាស្ត្រ៤ សំដៅកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យរបស់កម្ពុជា គឺ ៖ ទី១- ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រា មធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧ភាគរយ ប្រកបដោយចីរភាព និង ធន់នឹងវិបត្តិ ។ ទី២- បង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និង គុណភាពជូនប្រជាជន ជាពិសេស ស្រទាប់យុវជន ។ ទី៣- សម្រេចឱ្យបានគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឱ្យស្ថិតក្នុងអត្រា ទាបជាង ១០ភាគរយ និង ការពារមិនឱ្យមានភាពក្រីក្រត្រឡប់មកវិញ ។ ទី៤- ពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈ សំដៅបម្រើប្រជាជនឱ្យកាន់តែប្រសើរថែមទៀត។ ក្នុងនោះមាន វិស័យអាទិភាព ១-ការអភិវឌ្ឍមនុស្ស, ២-ទឹក, ៣-ភ្លើង, និង៤-ផ្លូវ សម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសជាតិបន្តទៀត ដោយធនធានមនុស្សបានក្លាយជាអាទិភាពទី១ ៕

ដោយ ពេជ្រ ណារិទ្ធ