ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ គណៈកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ បានដឹកកិច្ចប្រជុំ គណៈកម្មការកែទ​ម្រ​​ង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈកាលពីថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្តោតសំខាន់លើការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩។

តាមរយៈរបាយការណ៍បូកសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ គ្រប់ផ្នែកនៃផែនការ សកម្មភាពរួមនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្តមានវឌ្ឍនភាពល្អ និងវិជ្ជមាន។ ជាទូទៅ ការប្រមូលចំណូល និងការអនុវត្តចំណាយ នៅបន្តមានសុខភាពល្អ ធៀបនឹងឆ្នាំមុនៗ និងនៅរក្សាបាននិន្នាការល្អប្រសើរទៅតាមការគ្រោងទុក ។

ក្នុងរយៈពេល ៩ ខែនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០ភាគរយធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩ដែលទិន្នផលចំណូលនេះ បានពីការប្រមូលដោយ ពន្ធគយ និងរដ្ឋាករ ប្រមាណ ៤៩ភាគរយ ពន្ធដារ  ប្រមាណ ៣២ភាគរយ ចំណូលមិនមែនសារពើពន្ធ ប្រមាណ ១២ភាគរយ និង ចំណូលផ្សេងៗ ប្រមាណ ៦ភាគរយ ។ រីឯការអនុវត្តចំណាយ ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ សម្រាប់ការអនុវត្តសកម្ម ភាពនៃការងារកែទម្រង់ ទាំងក្របខ័ណ្ឌនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងក្របខ័ណ្ឌក្រសួង ស្ថាប័ន កំពុងបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលត្រូវបាន រំពឹងទុកថាអាចសម្រេចបានគោលដៅប្រចាំឆ្នាំ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី  បានណែនាំអំពីកិច្ចការគន្លឹះៗមួយ ចំនួនទៀតត្រូវបន្តពង្រឹងក្នុងអនុវត្តន៍ កសាង និងរៀបចំបញ្ចប់ រួមមានជាអាទិ៍ ការរៀបចំ បញ្ចប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ការគ្រប់ គ្រងទ្រព្យសម្បត្តិរដ្ឋ ផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តន៍យុទ្ធសាស្ត្រគន្លឹះៗនានា ដូចជា យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ យុទ្ធសាស្ត្រកែទម្រង់ ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥ យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និងអនុក្រឹត្យស្តីពីការគ្រប់គ្រង​​គម្រោង​​វិនិយោគ​សាធារណៈជាដើម។

ទន្ទឹមគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ ណែនាំបន្ថែមលើការពង្រឹងសមត្ថភាពមន្ត្រី ត្រូវគិតគូររៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ប្រក​បដោ​យ​គុណភាព និងបំពាក់ជំនាញឱ្យកាន់តែច្បាស់សម្រាប់ធនធានទៅតាមតួនាទីនិងភារកិច្ច ដែ​ល​កិច្ចការនេះ គឺជាកត្តាសំខាន់ និងត្រូវយកចិត្តទុកដាក់បន្ថែម ជាមួយនឹងក្រប ខ័ណ្ឌបណ្តុះបណ្តាលជាក់លាក់ផ្សារភ្ជាប់ជាមួយនឹងវិញ្ញាបនបត្រដែលទទួលស្គាល់លើជំនាញនីមួយៗ និងបន្ត​ខិតខំប្រឹងប្រែង ដោយយកចិត្តទុកដាក់របស់អគ្គនាយកដ្ឋានពាក់ព័ន្ធ ក្នុងការអនុវត្តការ​ងារ​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងផ្តល់ទិសដៅអនុវត្តន៍ ចំពោះការងារស្នូលមួយចំនួន ព្រមទាំងជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួ​ល​ខុសត្រូវខ្ពស់៕

ដោយ គង់ សិរីរ័ត្ន