អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  រៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្ដីពី កិច្ចការពារបេតិកភណ្ឌវប្បធម៌

AKP កំពង់ចាម ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម អគ្គនាយកដ្ឋានបេតិកភណ្ឌជាតិ នៃក្រសួងវប្បធម៌សហការ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម បានរៀបចំពិធី ផ្សព្វផ្សាយច្បាប់ ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងបញ្ជ្រាបចំណេះដឹងជាសាធារណៈលើ វិស័យវប្បធម៌ អំពីបទល្មើសនៃការជួញដូរ ចរាចរ បំផ្លិចបំផ្លាញ និងជីករុករកវត្ថុបុរាណដោយ ខុសច្បាប់ ក្រោមវត្តមានរបស់ លោក ហេង កំសាន្ដ ប្រធាន នាយកដ្ឋានបុរាណវត្ថុរបស់អគ្គនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងមានការចូលរួមពីសំណាក់លោក សឹង ភារុំ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត សមាជិកក្រុមប្រឹក្សា អភិបាល អភិបាលរងស្រុក មន្រ្ដីរាជការ របស់អង្គភាពជុំវិញស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ ជាង២០០នាក់។

លោក សឹង ភារុំ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានលើកឡើងថា កម្មវិធី ផ្សព្វផ្សាយច្បាប់ស្ដីពីការពារបេតិកភណ្ឌនៅបរិវេណប្រាសាទនគរបាជ័យនាពេលនេះពិតជាមានសារៈសំខាន់ក្នុងការញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបី ព្រោះវាជាសម្បត្តិដ៏មានតម្លៃមហាសាលរបស់ជាតិពិសេស ប្រាសាទនគរបាជ័យនេះក៏ជាកន្លែងរមណីយដ្ឋានដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិ មកទស្សនាកម្សាន្ដដែលនាំមកនូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ នៅខេត្តកំពង់ចាមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រជាច្រើនកន្លែងត្រូវធ្វើការអភិរក្ស និងការពារ។

លោក ហេង កំសាន្ដ ប្រធាននាយកដ្ឋានបុរាណវត្ថុនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ វប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថា ការផ្សព្វផ្សាយច្បាប់ការពារបេតិក ភណ្ឌវប្បធម៌ និងការបញ្ជ្រាបចំណេះដឹងជាសាធារណៈលើវិស័យវប្បធម៌ អំពីបទល្មើស នៃការជួញដូរ ចរាចរបំផ្លិចបំផ្លាញ និងរុករកវត្ថុបុរាណដោយខុសច្បាប់ គឺមានគោលបំណង សំខាន់គឺចង់បំផុសគំនិតដល់ប្រជាជនទូទៅគ្រប់ស្រទាប់វណ្ណៈ ពិសេសស្រទាប់យុវជនឱ្យ យល់នូវតម្លៃសម្បត្តិវប្បធម៌ជាតិ និងឱ្យបានដឹងនៅបញ្ហាដែលកំពុងប្រឈម ឱ្យបានយល់ ដឹងអំពីច្បាប់ការពារ និងការផ្ដន្ទាទោសអំពីបទល្មើសដែលខ្លួនបានប្រព្រឹត្ត ក្នុងការបំផ្លិចបំផ្លាញនូវសម្បត្តិវប្បធម៌ដែលបានបន្សល់ទុកដោយស្នាដៃដូនតារបស់យើងសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានដឹង និងចូលរួមថែរក្សាការពារនិងអភិរក្ស។

លោក ហេង កំសាន្ដ បានបញ្ជាក់ថា កាលណាប្រជាពលរដ្ឋ និងមហាជនបានយល់ដឹង ពីច្បាប់ ហើយគាត់បានចូលរួមទប់ស្កាត់រាល់បទល្មើសនៅតាមតំបន់វប្បធម៌ទាំងនេះ ហើយតំបន់ទាំងនេះត្រូវបានធ្វើការការពារ និងអភិរក្ស នឹងក្លាយជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញរបស់ភ្ញៀវជាតិ និងអន្ដរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ច្បាស់ថា វិស័យទេសចរណ៍កម្ពុជាគឺជាវប្បធម៌ប្រវតិ្តសាស្ត្រទាំងរូបី និងអរូបី ហើយយើងមាន បេតិកភណ្ឌវប្បធម៌ និងសម្បត្តិវប្បធម៌ជាច្រើនទាំងរូបី និងអរូបីត្រូវបានបញ្ចូលជាបេតិក ភណ្ឌវប្បធម៌ពិភពលោកផងដែរ៕

ដោយ ឆាយ ម៉ុត