ឯកឧត្តម អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩​ — នៅរសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូ ដើម្បីបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋឥណ្ឌូណេស៊ី។

ឯកឧត្ដម យោប អះស្ការី អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ដែលអមដំណើរ ឯកឧត្ដម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឱ្យដឹងថា ទស្សនកិច្ចនេះធ្វើឡើងក្នុងរយៈពេល ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី។

ឯកឧត្ដម អនុរដ្ឋលេខាធិការ បានបន្តថា ដំណើរទស្សនកិច្ចនេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រីនិងគណៈប្រតិភូ នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្តមសេនីយ៍ Muhammad Tito Karnavian រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្ដមនាយឧត្តមសេនីយ៍ Bapak H. Fachrul Razi រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា, ព្រទាំងជួបចាមួយបណ្តាថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនង និងផ្សព្វផ្សាយពីគោលនយោបាយសុខដុមបនីយកម្មសាសនា នឹងស្ថានការណ៍នយោបាយនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដម អូស្មាន ហាស្សាន់ នឹងអញ្ជើញផ្តល់បឋកថា នៅសាកលវិទ្យាល័យ al ashar ដើម្បីបញ្ជាក់ពីការរស់នៅប្រជាពលរដ្ឋខ្មែរឥស្លាម ប្រកបដោយសុខដុមរមនា ផងដែរ ៕

ដោយសួស សំរិត