វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនៅស្រុករលាប្អៀរ 

AKP កំពង់ឆ្នាំង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ — កាលពីថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ស្ថិតក្នុងស្រុករលាប្អៀរ ក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធ អភិ  បាលរងខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុក មេឃុំ ប្រធាន អនុប្រធានមន្ទីរមូយចំនួន ព្រមទាំងប្រជាពល រដ្ឋ ដែលរស់នៅក្នុងស្រុកជាច្រើននាក់ផងដែរ។

លោក ស៊ុន សុវណ្ណារិទ្ធ មានប្រសាសន៍ថា ការរៀបចំធ្វើវេទិកានេះ គឺថ្នាក់ដឹកនាំ​រដ្ឋបាលខេត្តកំពង់ឆ្នាំង​ រួម​ជាមួយ​រដ្ឋបាល​ក្រុង​ ស្រុក រដ្ឋបា​លឃុំ-សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាដើម បាន​ចូលរួម​ចែករំលែក នូវ​បទពិសោធន៍ និង​ផ្ដល់​ប្រឹក្សា អំពី​អាទិភាព​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន ខេត្ត ឱ្យមាន​សន្ទុះ​រីកចម្រើន និង​មាន​ប្រសិទ្ធភាព​ថែមទៀត​នៅ​ថ្ងៃ​អនាគត​។

​ លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តថា សមាជិកក្រុមប្រឹក្សា មានពីតួនាទីភារកិច្ចទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត។ ជាមួយគ្នានោះ ក្នុងវេទិកានេះសូមឱ្យប្រជាពលរដ្ឋដែលមានកង្វល់ក្នុងចិត្ត និងមានបញ្ហាដែលជួបប្រទះ ក៏ដូចជា មានសំណូមពរ លើកឡើងជាព័ត៌មាន និងឱ្យក្រុមប្រឹក្សាជួយដោះស្រាយផងដែរ។ លោក ក៏បានធ្វើការបកស្រាយ នូវសំណូមពរនិងសំណួរ ដែលអាជ្ញាធរដែនដី និងតំណាងប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកា ។ ចំពោះសំណូមពរ និង សំណួរ ដែលនៅសេសសល់លោកអភិបាលរងបានឱ្យអាជ្ញាធរដែនដី សហការជាមួយអង្គភាពជំនាញ សុំយោបល់ថ្នាក់លើបន្តពិនិត្យដោះស្រាយស្របតាមនីតិវិធីច្បាប់ ឱ្យទាន់ពេលវេលា។

ក្នុងអង្គវេទិកានាពេលនោះផងដែរលោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ ដោះស្រាយនូវសំណូមពរ និង ជីវភាពរស់នៅ របស់មន្រ្តីរាជការ កម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ។ លោកក៏បានផ្តាំផ្ញើឱ្យអាជ្ញាធរដែនដីត្រូវសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវរក្សាឱ្យបានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និង ប្រឆាំងដាច់ខាតពួកអគតិដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជាបច្ចុប្បន្ន ៕

ដោយ បៃ ស៊ីថុន