ធម្មយាត្រាស្វែរកសន្ដិភាពក្នុងដែនដីប្រទេសតំបន់ទន្លេមេគង្គ ត្រូវបានបិទបញ្ចប់នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប

AKP​ សៀមរាប ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ — ធម្មយត្រាដែលបានបញ្ចប់នៅលើទឹកដីអង្គរដ៏បវរនៃប្រទេសកម្ពុជានេះ ក៏មានធ្វើពីធីបួងសួងសុំសេចក្ដីសុខចម្រើននៅខាងមុខប្រាសាទអង្គរវត្ត ដែលមានវត្ដមានជាអធិបតីពីសម្ដេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតព្រះសង្ឃរាជ ទេព វង្ស សម្ដេចព្រះសង្ឃ រាជនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។

លោក ស៊ុផៈឆៃវីរៈ ភុជង្គ អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាវិឆាល័យ៩៨០ បានថ្លែងថា ក្បួនធម្មយាត្រានេះបានធ្វើឡើងដោយសហការរួមសាមគ្គីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នា និងដើម្បីឈ្វេងយល់ពីពុទ្ធិវប្បធម៌ ប្រពៃណីនៃពុទ្ធសាសនិក ព្រមទាំងឱ្យពុទ្ធសាស និកនាំយកពុទ្ធឱវាទមេរៀនរបស់អង្គព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ មកប្រតិបត្តិគ្រប់ពេលវេលាជាមួយគ្នាក្នុងដែនដីប្រទេសទាំង៥ក្នុងតំបន់ទន្លេមេគង្គ រួមមាន៖ ប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងប្រទេសវៀតណាម។

លោកបានបន្ដថា ការធ្វើដំណើរធម្មយាត្រានេះ បានចេញដំណើរពីចំណុចដំបូងនៅវត្ដព្រះធាតុផាង៉ៅ ស្រុកលៀងសែន ខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ខេត្ដសៀមរាបអង្គរនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដែលមានចម្ងាយប្រហែល ២.៤០០គីឡូម៉ែត្រ និងចំណាយពេលអស់១៨ថ្ងៃ ដោយឆ្លងកាត់ប្រទេសចំនួន ៥ គឺប្រទេសថៃ, មីយ៉ាន់ម៉ា, វៀតណាម, ឡាវ និងប្រទេសកម្ពុជា។ ធម្មយាត្រាដែលទទួលបានជោគជ័យនេះ ចាត់ទុកថាជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលត្រូវបានកត់ត្រាទុកសម្រាប់ពុទ្ធសាសនិក ហើយក៏ជាការរឹតបន្ដឹងចំណងសាមគ្គីភាពនៃពុទ្ធសាសនិកក្នុងអនុតំបន់ទន្លេមេគង្គ ឱ្យកាន់តែស្អិតល្មួតខ្លាំងឡើងថែមទៀត។ ម្យ៉ាងទៀតភាពជោគជ័យក្នុងថ្ងៃនេះ គឺកើតឡើងពីព្រះទ័យនិងទឹកចិត្តមេត្តារបស់សម្តេចព្រះសង្ឃរាជ ដែលជាថ្នាក់ដឹកនាំសង្ឃ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់ស្ថាប័ននានាទាំង៥ប្រទេស ជួយផ្សព្វផ្សាយឱ្យទាក់ទាញប្រជាពុទ្ធបរិស័ទគ្រប់ទិសទី មកបំពេញមហាបុណ្យកុសលរួមគ្នាជីកគាស់កម្លាំងសទ្ធាសាមគ្គីភាព ទៅតាមព្រះធម៌ដែលបានចែងថាព្រះសម្មាសម្ពុទ្ធ និងមានម្តាយតែមួយគឺទន្លេមេគង្គដែលជាប្រភពទឹកសម្រាប់ចិញ្ចឹមជីវិតយើងទាំងអស់គ្នាក្នុងតំបន់នេះ។

គណៈធម្មយាត្រាដែលបានចូលរួមធ្វើដំណើរជាមួយគ្នារហូតមកនោះមានព្រះសង្ឃ,ឧបាសក,ឧបាសិកា និងអ្នកសារព័ត៌មាន ទាំង៥ប្រទេស សរុបចំនួន ១២០ អង្គ/នាក់ និងចូលរួមដាំដើមព្រះសិរីមហាពោធិ៍ព្រឹកចំនួន ១៦ដើម។

បើតាមប្រវត្តិចាប់ផ្តើមនៃធម្មយាត្រា ក្នុងដែនដីទាំង៥ នៃតំបន់ទន្លេមេគង្គនេះ មានចំណុចចាប់ផ្តើមដំបូងនៅដែនដីពុទ្ធភូមិជាទឹកដីកំណើតព្រះពុទ្ធសាសនា រួចបន្តមកកាន់តំបន់ទន្លេមេគង្គដែនដីសុវណ្ណភូមិ ដែលផ្តួចផ្តើមដំបូងដោយអតីតព្រះអគ្គមហាសង្ឃរាជព្រះមហាផង់សៈម៉ាឡោក ប្រធានមជ្ឈមណ្ឌលស្ថាប័នសម្ព័ន្ធព្រះពុទ្ធសាសនានៃប្រទេសឡាវ។ ព្រះអង្គបានបង្ហាញនូវគោលដៅចុងក្រោយ ខណៈដែលព្រះអង្គកំពុងតែមានអាពាធធ្ងន់ធ្ងរមុននឹងសុគតក្នុងព្រះជន្ម១០០ព្រះវស្សា គឺឱ្យបន្តដំណើរការនូវមាគ៌ាព្រះពុទ្ធសាសនាក្នុងដែនដីសុវណ្ណភូមិ។ កម្មវិធីនេះគឺជាប្រវត្តិសាស្ត្រដ៏យូរអង្វែងតទៅមុខទៀត នៃស្ថាប័នពោធិខាយាវិឆាល័យជំរុំពោធិខាយាមូលនិធិវីរៈភុជង្គ បានទទួលយកពាក្យណែនាំ និងផ្សព្វផ្សាយបន្តក្លាយជាធម្មយាត្រាលើកទី១ ក្នុងដែនដីទាំង៥តាមគន្លងព្រះអរិយសង្ឃក្នុងតំបន់ទន្លេមេគង្គ និងធម្មយា ត្រាលើកទី២ ក្នុងដែនដីទាំង៥នៃតំបន់ទន្លេមេគង្គដែលជាការសហការបំពេញការងាររវាងស្ថាប័នផ្សេងៗក្នុងប្រទេសទាំង៥។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាបបានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងនូវការស្វាគមន៍ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ស៊ុផៈឆៃ វីរៈភុជង្គ ដែលបានរៀបចំ និងដឹកនាំក្បួនធម្មយាត្រានេះ មានដំណើរការប្រកបដោយភាពរលូន និងមានសុវត្ថិភាពតាមការគ្រោងទុក ជាពិសេសអរគុណចំពោះអាជ្ញា ធរខេត្តសៀមរាប។ ការបិទបញ្ចប់ធម្មយាត្រានេះ ក៏មានធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយនៅមុខប្រាសាទអង្គរវត្ត ពិធីបួងសួងនៅពេលនេះ គឺសូមការប្រោសព្រំពីវត្ថុស័ក្តិសិទ្ធិនៅតំបន់អង្គរ ក៏ដូចជាដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ និងដួងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរឱ្យផ្តល់នូវពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការ ក៏ដូចជាការរក្សាបាននូវសុខសន្តិភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជាលើដែនដីអច្ឆរិយរបស់ខ្មែរ និងប្រទេសទាំង៥។ ពិធីបួងសួងនេះត្រូវបានប្រព្រឹត្តទៅតាមលំអានប្រពៃណី ទំនៀមទម្លាប់សាសនាខ្មែរ។ ដោយមានគ្រឿង   រណ្តាប់ ផ្លែឈើ គ្រាប់ធុញ្ញជាតិជាច្រើនមុខត្រូវបានរៀបចំឡើងដើម្បីជាដង្វាយដល់វត្ថុស័ក្តិ សិទ្ធិ អមជាមួយការសម្តែងរបាំ និងថ្វាយភ្លេងផងដែរ៕

ដោយ ឃុត សៅ