​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អំពាវនាវកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋបន្តរួមគ្នាការពារជាតិ​ សាសនា ព្រះមហាក្សត្រ

AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ​ខែតុលា ឆ្នាំ២០១៩ — ថ្លែងក្នុងពិធីបិទការប្រណាំងទូកថ្នាក់ខេត្តនៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃ​ពុធ ៣កើត ខែកត្តិ កឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរួមគ្នា ថែរក្សាការពារ ជាតិ ​សាសនា ព្រះមហាក្សត្រ។ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលជាប្រធានក្រុមការងារ​ថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់បងប្អូនជនរួមជាតិទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ និង បងប្អូនដែលមកពីតាម​បណ្តាខេត្តនានាផងដែរ។

​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានថ្លែងដោយសូមសម្ដែងនូវការគោរព ដឹង​គុណយ៉ាងជ្រាលជ្រៅចំពោះវីរៈយុទ្ធជន វីរៈយុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបាន ធ្វើពលីកម្មយ៉ាងធំធេងនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យជាតិ សន្តិភាព ភាពស្ថិតស្ថេរ គង់ វង្ស និងរីកចម្រើននៃមាតុភូមិ និងប្រជាជាតិកម្ពុជាព្រមទាំងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង​​ប្រែងប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់ថ្នាក់ ព្រមទាំងជនរួមជាតិ ដែលបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុការពារ និងកសាងមាតុភូមិកម្ពុជា ធ្វើឱ្យ ប្រទេសជាតិមានសន្តិភាព មានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានកំណើនសេដ្ឋកិច្ចខ្ពស់ មាន ការអភិវឌ្ឍលើគ្រប់វិស័យរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នូវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ស្រឡាញ់សុខសន្តិភាព របស់បងប្អូនមហាគ្រួសារអ្នកបន្ទាយមានជ័យ ដោយមិនចូលរួមជា មួយពួកឧទ្ទាមក្រៅច្បាប់ធ្វើសកម្មភាពបំផ្លាញជាតិ និងសូមឱ្យស្មារតីស្រឡាញ់សន្តិភាពនេះ នៅជាមួយបងប្អូនជារៀងរហូត ដើម្បីរក្សាការរីកចម្រើនទាំងអស់គ្នា។ ជាមួយនោះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីបានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមទទួលទាន អំបុកខ្មែរ​ថែរក្សា ជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ជាថ្ងៃបុណ្យ​ឯករាជ្យជាតិ ដែលអាជ្ញាធរបានត្រៀមរៀបចំធ្វើនៅគ្រប់ទីកន្លែងនោះ។

ជាមួយ​នោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​ កែ គឹមយ៉ាន និងលោក​ជំទាវ បានផ្តល់ ជូនពានរង្វាន់ដល់ទូកដែលមានល្បឿនលឿន និងអំណោយឧបត្ថម្ភដល់គណៈកម្មការរៀបចំ និងកីឡាទូក ងទាំង២៦ សរុបចំនួន៦៤៤នាក់ រួមមាន៖ ទឹកសុទ្ធ៥០០យួរ ទឹកក្រូច ៣០០កេស មី​១៨៤កេស សារុង ​១.១២៥ ដែលសរុបជាថវិកាមានចំនួន ៧៤​.៩៧៦.​០០០រៀល៕

ដោយ ឈុន សារ៉ាត