រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំតុបតែងលម្អភ្លើង និងលាបគំនួសចរាចរណ៍  ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក 

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ — ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ទីថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងរៀបចំលាបគំនូសចរាចរណ៍ លាបកំបោនៅតាមគល់ ឈើ និងការតុបតែងភ្លើងពណ៌តាមដើមឈើ និងដងផ្លូវនានានៅក្នុងរាជធានីភ្នំពេញខណៈ ខ្លួនធ្វើជាម្ចាស់ផ្ទះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានឱ្យ ដឹងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះថា ដើម្បីចូលរួមអបអរ សាទរព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សាលារាជធានីបាន និងកំពុងរៀបគំនូសចរាចរណ៍លើផ្លូវស៊ីសុវត្ថិ ពីស្ពានមកដល់រង្វង់មូលសម្ដេចជូណាត លើផ្លូវសុធារស លើផ្លូវសងខាងសួនច្បារសម្តេច ហ៊ុន សែន រង្វល់មូលសម្តេចសង្ឃជួនណាត និងផ្លូវព្រះនរោត្តម និងកំពុងលាបគំនូសចរាចណ៍និងលាបកំបោជុំវិញវត្តភ្នំ ផ្លូវសុរាម្រឹត ព្រះសីហនុនិងកន្លែសប្បាយភាពនៅក្នុងខណ្ឌដូនពេញ រួមទាំងស្ពានជ្រោយចង្វារ និងផ្លូវកែវពេជ្រចិន្តា។

លោកបន្តថា ចំពោះការតុបតែងច្រើន ដូចជាការតុបតែងភ្លើង នៅសួនវិមានឯករាជ តាមផ្លូវព្រះនរោត្តម សួនមាត់ទន្លេ តាមដើមស្លាយក្សនៅរមនីយដ្ឋានវត្តភ្នំ សួនមុខវិមាន សន្តិភាព សួនស្ពានជ្រោយចង្វារ និងកំពុងលាបកំបោរតាមគល់ឈើ នៅតាមផ្លូវព្រះនរោត្ដម ផ្លូវព្រះសីហនុមាត់ទន្លេ និងកាត់ស្មៅ ព្រមទាំងធ្វើការជួសជុល ផ្លូវសំបុកមាន់ នៅក្នុងខណ្ឌដូនពេញផងដែរ។

លោកបន្តទៀតថា ក្រៅពីហ្នឹងសាលារាជធានីបាន និងកំពុងរៀបចំឈូសឆាយ ដីនៅក្នុងតំបន់អភិវឌ្ឍន៍ OCIC ដើម្បីធ្វើរោងសម្រាប់ស្នាក់នៅឱ្យកីឡាករអុំទូក និងរៀបចំ បង្គន់អនាម័យចំនួន៥៦០បង្គន់ ក្នុងនោះមានបង្គន់ជីកចំនួន៣០០ និងបង្គន់ចល័តចំនូន ២៦០បង្គន់ និងជួសជុលភ្លើងនៅព្រះអង្គដងកើរជាដើម៕

ដោយ សួស សំរិត