ចិនឈ្វេងយល់ពីការរីកចម្រើន និងតម្រូវការចាំបាច់របស់មន្ទីរពេទ្យព្រះកេតុមាលា

AKP  ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩​ — ឯកឧត្ដម ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភ័ស្តុភារ-ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា ថ្លែងអំណរគុណ និងជម្រាបជូនដល់ គណៈប្រតិភូកងទ័ពរំដោះប្រជាជនចិន  ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ Ren YanBing នាយកមជ្ឈមណ្ឌលគាំពារភ័ស្តុភារ ចម្រុះគណៈកម្មការ យោធាមជ្ឈិម និងសហការី មកឈ្វេងយល់ពីការរីកចម្រើន និងតម្រូវការចាំបាច់ របស់មន្ទីរពេទ្យកងយោធពលខេមរភូមិន្ទ (ពេទ្យព្រះកេតុមាលា)។

ឯកឧត្តម លី សុវណ្ណ លើកឡើងបែបនេះ ខណៈឯកឧត្ដមទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូចិន កាលពីព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ៣០ ខែតុលា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តទៀតថា សក្តានុពលរបស់មន្ទីរពេទ្យព្រះកេតុមាលា តែងទទួលពិគ្រោះព្យាបាលជូនអ្នកជំងឺ ទូទៅជូនប្រជាពលរដ្ឋ និងកងយោធពលខេមរភូមិន្ទ ដោយមិនប្រកាន់។ កន្លងមកក៏មានថ្នាក់ដឹកជាន់ខ្ពស់ រាជរដ្ឋាភិបាលមួយចំនួនចូលមក ពិនិត្យព្យាបាលជំងឺដោយពួកគាត់មានជំនឿជឿជាក់ លើមធ្យោបាយ សម្ភារ បរិក្ខាររបស់មន្ទីរពេទ្យ ដែលនាំចូលពីបរទេស និងមានការជួយឧបត្ថម្ភ គាំទ្រពីកងទ័ពរំដោះ ប្រជាជនចិនព្រមទាំងមានក្រុមគ្រូពេទ្យជំនាញរបស់ភាគីមិត្តចិន មាន ជំនាញឯកទេសបាន បម្រើព្យាបាលប្រកបដោយវិជ្ជាជីវៈ ដល់អ្នកជំងឺ និងយកចិត្តទុកដាក់ ប្រកបដោយភាតរភាព។

ឯកឧត្តម ឧត្តមសេនីយ៍ទោ Ren YanBing កោតសរសើរ ដោយស្មោះចំពោះថ្នាក់ ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលា ដែលពុះពារសម្រេចបាន សមិទ្ធផលវិជ្ជមានជាច្រើន គួរ​ឱ្យកោតសរសើរ កត់សម្គាល់  និងរៀនសូត្រតាម។ បន្ទាប់ពីផ្តល់វត្ថុអនុស្សាវរីយ៍ទៅវិញទៅ មកគណៈប្រតិភូកង ទ័ពរំដោះប្រជាជនចិន ក៏បានអញ្ជើញពិនិត្យ អគារ ៥ជាន់ដែលជា អំណោយរបស់ភាគីមិត្តចិន ដែលបានផ្តល់ជំនួយប្រជាជនកម្ពុជា ទុកសម្រាប់ទទួលព្យាបាល ជំងឺជូនបងប្អូនប្រជាពលរដ្ឋបានជាសះស្បើយ និងរួចចាកផុតពីភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលផងដែរ៕

ដោយ សួស សំរិត