ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្តខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ គណ:កម្មការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធនានា នៅសាលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

តាមរបាយការណ៍របស់ទីចាត់ការវិនិយោគសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងអាទិភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២០ មាន៦៦គម្រោង ចំណាយ ថវិកា ៩៧.៦០៨.៦៣២.០០០រៀល ក្នុងនោះមានដូចជា ការជួសជុលផ្លូវបេតុង  ការស្តារលូ ស្ពាន មត្តេយ្យសហគមន៍ ជួសជុលអគារសាលាក្រុងព្រះសីហនុ ជួសជុលភ្លើងស្តុប និងភ្លើងបំភ្លឺផ្លូវ និងពង្រីកសួនច្បារក្នុងក្រុងព្រះសីហនុជាដើម។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ណែនាំឱ្យ ក្រុមការងារ បច្ចេកទេស សិក្សាឡើងវិញគម្រោងជួសជុលផ្លូវក្នុងក្រុងព្រះសីហនុទាំង ៦៦គម្រោងខាងលើ ក្នុងនោះពាក់ព័ន្ធលូទឹកភ្លៀង និងលូរទឹកស្អុយ និងសិក្សាលូកាត់ទទឹងផ្លូវ លូរតាមបណ្តោយផ្លូវ ឱ្យបានច្បាស់លាស់។ ម្យ៉ាងទៀតផ្លូវមានទទឹង ១០ម៉ែត្រ ចាក់បេតុង កម្ពស់ ០.២៥ម៉ែត្រ ដោយឡែកផ្លូវដែលមានទទឹងក្រោម ១០ម៉ែត្រ ចាក់បេតុងកម្ពស់ ០.២០ម៉ែត្រ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំមន្ត្រីជំនាញ អំពីការជួសជុលផ្លូវ បេតុងក្នុងសង្កាត់លេខ១ ខាងលើផ្លូវជាតិ (តំបន់ក្បាលឆាយ) ទុកពេលឱ្យក្រុមការងារ បច្ចេកទេសចុះសិក្សា ដើម្បីកំណត់ តំបន់ប្រើប្រាស់ទឹកស្អាត និងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ។ ដោយបង្វែមកជួសជុលផ្លូវក្នុងសង្កាត់លេខ ២.៣.៤ ជំនួសវិញ។ យើងនឹងដាក់ស្មើ សុំសេចក្តី សម្រេចពីក្រុមប្រឹក្សាខេត្ត ក៏ដូចក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធ្វើអនុលោកភាពបើក ការដ្ឋាន សាងសង់នាពេលខាងមុខ ឆ្លើយតបទៅ នឹងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងព្រះសីហនុ ឱ្យមានសោភណភាព បរិស្ថានល្អ នាពេលខាងមុខ៕

ដោយ ងូ​ សុមុនី