សម្តេចក្រឡាហោម ស ខេង ជំរុញឱ្យប្រទេសបញ្ជូនទេសន្តរប្រវេសន៍ទាំងបី រួមសហការ គ្នាក្នុងការដោះស្រាយបញ្ហារួមដើម្បីលើកកម្ពស់សុវត្ថិភាព និងផលប្រយោជន៍ពលករ

AKP សៀមរាប ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបាន​មាន​ប្រសាសន៍ បើកកិច្ចប្រជុំ ពិគ្រោះយោបល់លើកទី២ កម្រឹតថ្នាក់ដឹកនាំបច្ចេកទេសនៃប្រទេសបញ្ជូនទាំងបីគឺ កម្ពុជា ឡាវ មីយ៉ាន់មា(CLM) ស្តីពីតួនាទីប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារ ពលករទេសន្តរប្រវេសន៍ នៅខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​៣០ខែតុលាឆ្នាំ២០១៩នេះថា ប្រទេសយើងទាំងបីគឺ កម្ពុជា ឡាវ និងភូមា គឺជាប្រទេសជិតខាងគ្នា ដែលមានប្រជាពលរដ្ឋកំពុងតែនាំគ្នាទៅ ធ្វើការក្នុង ប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់យ៉ាងច្រើនកុះករ។

ប្រជាពលរដ្ឋមួយចំនួនបាន និងកំពុងប្រឈម នឹងបញ្ហាជាច្រើន ក្នុងដំណើរការ ទេសន្តរប្រវេសន៍ តាំងពីចាកចេញនៅកន្លែងធ្វើការ រហូតដល់ពេលត្រឡប់មកវិញ។ យើងទទួលស្គាល់ថា ការធ្វើទេសន្តរប្រវេសន៍ គឺជាសិទ្ធិពលរដ្ឋក្នុងការជ្រើសរើសការ ងារមុខរបរ និងទីកន្លែងរស់នៅ តែយើងក៏ត្រូវគិតអំពីសិទ្ធិផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ របស់ពលករ ការគ្រប់គ្រង និងកិច្ចការពារពលរដ្ឋរបស់យើង ក្នុងនាមជាប្រទេសដែល មានអធិបតេយ្យភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង និងរវាងប្រទេសបញ្ជូន និងប្រទេសទទួលផងដែរ។ កត្តាទាំងនេះ គឺជាតួនាទីរបស់ប្រទេសយើងទាំងបីដែល ជាប្រទេសបញ្ជូន ដូច្នេះសម្តេចជំរុញឱ្យប្រទេសបញ្ជូនទេសន្តរប្រវេសន៍ទាំងបី ចាំបាច់ត្រូវរួមសហការគ្នាក្នុងការដោះស្រាយបញ្ហារួម ដើម្បីលើកកម្ពស់សុវត្ថិភាព និងផលប្រយោជន៍ពលករ ក៏ដូចជាកាត់បន្ថយភាពរងគ្រោះក្នុង អំឡុងពេលនៃទេសន្តរប្រវេសន៍។ ជាពិសេសត្រូវពិភាក្សាគ្នា ដើម្បីរិះរកគំនិតផ្តួចផ្តើមសមស្រប សម្រាប់ដំណោះស្រាយបញ្ហាទាំងអស់ជាមួយប្រទេសថៃ ដែលជាប្រទេសទទួលឱ្យបានល្អប្រសើរ។

លោកជំទាវ ជូ​ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជាបានថ្លែងថា ក្នុងកិច្ចប្រជុំ លើកទី២ ថ្នាក់មន្រ្តីជាន់ខ្ពស់កម្រឹតបច្ចេកទេសនេះ យើងនឹងពិភាក្សាដោយបើក ចំហជាលក្ខណៈមិត្តភាព ដើម្បីរកឱ្យឃើញនូវបញ្ហាដែលជាអាទិភាព បទពិសោធន៍ក្នុងការដោះស្រាយ និងគំនិតផ្តួចផ្តើមក្នុងការធ្វើឱ្យប្រសើរ ឡើងនូវកិច្ចការពារសុវត្ថិភាព ព្រមទាំងសិទ្ធិ និងផលប្រយោជន៍របស់ពលករ ក៏ដូចជាប្រយោជន៍របស់ប្រទេសជាតិផងដែរ។

លោកជំទាវបន្តថា យើងត្រូវឈ្វេងយល់អំពីស្ថានភាព និងទំនោរនៃទេសន្តរ ប្រវេសន៍បច្ចុប្បន្ន ដើម្បីរិះរកវិធានការ ក្នុងការលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍មិនប្រក្រតី ការជួញដូរមនុស្ស​ និងរាល់ទម្រង់នៃអំពើកេងប្រវ័ញ្ចក្នុងវដ្តនៃទេសន្តរប្រវេសន៍ និងលើកម្ពស់ ទេសន្តរប្រវេសន៍ដោយសុវត្ថិភាពនិងស្របច្បាប់ ព្រមទាំងកំណត់រកបញ្ហារួម និងផ្លាស់ប្តូរមេរៀនបទពិសោធន៍ល្អៗ ក្នុងការដោះស្រាយបញ្ហាទាំងនោះ តាមរយៈការពង្រឹងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងការងារបង្ការទប់ស្កាត់ ការអនុវត្តច្បាប់ និងកិច្ចការពារជនរងគ្រោះ នៅក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាក្នុងប្រទេសគោលដៅ។

លោកជំទាវបានបញ្ជាក់ថា ​កន្លងមក ពលករពីប្រទេសទាំងបី កម្ពុជា ឡាវ ភូមា ត្រូវបានចាត់ទុកថា ជាពលករដែលគ្មានជំនាញ ឬមានជំនាញទាប (គឺជាកម្មករ និងជាអ្នកបម្រើ)។ ម្យ៉ាងទៀត អាស្រ័យដោយព្រំដែននៃប្រទេសយើងទាំងបីជា មួយប្រទេសថៃជាប់គ្នា និងមានប្រវត្តិសាស្រ្តទាក់​ទងគ្នារវាងប្រជាពលរដ្ឋដែលជាប់ភូមិផង របងជាមួយ ធ្វើឱ្យការគ្រប់គ្រងលំហូរនៃទេសន្តរប្រវេសន៍មិនប្រក្រតីឆ្លងកាត់ព្រំដែន នៅតែបន្តកើតមាន ដែលជាហេតុធ្វើឱ្យពលករជាច្រើនប្រឈមនឹងហានិភ័យ និងភាពរងគ្រោះ ដោយអំពើជួញដូរ និងការកេងប្រវ័ញ្ចគ្រប់រូបភាពពីជនខិលខូចដែល ឆ្លៀតឱកាសកេងប្រវ័ញ្ចផលប្រយោជន៍៕

ដោយ ឃុត សៅ