ក្រុម U19 កម្ពុជាហ្វឹកហាត់ ត្រៀមទទួលធ្វើម្ចាស់ផ្ទះពូលG AFC U-19 Championship 2020

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នៅតែបន្តការហ្វឹកហាត់បង្កើនគុណភាព បច្ចេកទេស ជារៀងរាល់ថ្ងៃតាមកម្មវិធីរបស់ខ្លួន នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃអង្គារ៍ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ វគ្គជម្រុះ ពូលG នៃព្រឹត្តិការណ៍ AFC U-19 Championship 2020 Qualifiers, East Zone ដែលគ្រោងនឹងប្រកួត នាថ្ងៃទី២ ដល់ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីលានពហុកីឡដ្ឋានជាតិ។

សម្រាប់វគ្គជម្រុះ ពូលG​ East Zone មាន៥ក្រុម រួមមាន៖ ម្ចាស់ផ្ទះកម្ពុជា, ថៃ, ម៉ាឡេស៊ី, ព្រុយណេ និង NORTHERN MARIANA ISLANDS ដោយក្រុមU19​កម្ពុជា​នឹងត្រូវជួបប្រកួតមុនគេជាមួយក្រុមU19 ម៉ាឡេស៊ី វេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបន្ត៣ប្រកួតទៀតជាមួយក្រុម NORTHERN MARIANA ISLANDS, ជាមួយក្រុម ថៃ ថ្ងៃទី០៨ ខែវិច្ឆិកា និងជួបជាមួយព្រុយណេ នាថ្ងៃទី១០ វិច្ឆិកា ហើយថ្ងៃទី១០ វិច្ឆិកានេះគឺជាថ្ងៃបញ្ចប់ការប្រកួតនៃវគ្គជម្រុះក្នុងពូល G។

យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញនូវកំណត់ត្រា១១ប្រកួតចុងក្រោយរបស់ក្រុមU19 កម្ពុជា ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩នេះ ដោយក្រុមU19កម្ពុជាឈ្នះ​បាន៣​ប្រកួត ស្មើ១ប្រកួត និងចាញ់៧ ប្រកួត ខណៈ១១ប្រកួតរបស់U19 ម៉ាឡេស៊ី ក្នុងរយៈ​ពេល​២ឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ បានប្រកួតឈ្នះ៤ ប្រកួត ស្មើ១ប្រកួត និងចាញ់៦៕

ដោយ ហេង ណាលីន