រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ប្រកាសដាក់ចេញវិធានការតឹងរឹង សម្រាប់ឱកាសបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសដាក់ ចេញនូវវិធានការតឹងរឹង ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ ស្របពេលដែលថ្ងៃវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នឹងចូលមកដល់នៅប៉ុន្មាន ថ្ងៃខាងមុខ នេះ។ វិធានការទាំងនោះរួមមាន ការណែនាំឱ្យអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ត្រូវមានវត្តមាននៅរាជធានី ខេត្តសាមី ជាប់ជាប្រចាំ ចាប់ពីដើមខែវិច្ឆិកា រហូតដល់ពិធីបុណ្យជាតិ ទាំងពីរខាងលើ ត្រូវបានប្រារព្ធចប់សព្វគ្រប់។

ទន្ទឹមនេះ ត្រូវរៀបចំចាត់ចែងមន្ត្រីប្រចាំការ នៅតាមសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីត្រៀមលក្ខណៈដោះស្រាយសភាពការណ៍ចំពោះមុខ នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន។ បន្ថែមពីនោះ ត្រូវបញ្ជាដឹកនាំ និងសម្របសម្រួលកងកម្លាំងមានសមត្ថកិច្ច ដែល ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា និងត្រូវដឹក នាំ ណែនាំដល់មេបញ្ជាការ កងកម្លាំងមានសមត្ថកិច្ចនានា ដែលស្ថិតក្នុងដែន សមត្ថកិច្ចរបស់ ខ្លួនឱ្យត្រួតពិនិត្យវត្តមានកម្លាំងក្រោមឱវាទ និងគ្រប់គ្រងចាត់ចែងប្រើប្រាស់កម្លាំង ស្របតាម ផែនការ ដែលបានកំណត់ និងត្រួតពិនិត្យជាប្រចាំនូវការអនុវត្តផែនការនេះ។ 

បើតាមបញ្ជាក់​របស់សម្ដេចក្រឡាហោមបានលើកឡើងថា រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ និងអង្គភាព​ជំនាញជុំវិញរដ្ឋបាលថ្នាក់ ក្រោមជាតិគ្រប់ថ្នាក់ ត្រូវបង្កើនការគ្រប់គ្រង វត្តមាន និងការបំពេញ​ការងាររបស់មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទ ឱ្យបានហ្មត់ចត់​ស្រប​តាមលិខិតបទដ្ឋាន និង​គោលការណ៍កំណត់។ ជាមួយគ្នានេះ ត្រូវដឹកនាំណែនាំដល់កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី ខេត្តនីមួយៗ ធ្វើការតាមដានក្តាប់​សភាព​ការណ៍​សកម្ម​ភាព​ចលនាក្រុមឧទ្ទាម​ក្រៅ​ច្បាប់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ​ផ្តួលរំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដើម្បីចាត់វិធានការច្បាប់​ឱ្យ​បានម៉ឺងម៉ាត់ និងត្រូវអប់រំ ប្រជាជនឱ្យ​ចៀស​វាង​ការចូល​រួមក្នុង សកម្មភាពណាមួយ នៃ​គម្រោងផែនការផ្តួលរំលំរាជរដ្ឋាភិ​បាល​ស្រប​ច្បាប់៕

ដោយ ចាន់ សុធីវង្ស