មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសចិន អនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងតំណាង​យុវជន​ មកពីប្រទេសអាស៊ាន ជួបសម្ដែងការគួរសម 

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសចិន បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងតំណាងយុវជន​មកពីប្រទេសអាស៊ានចូលជួបសម្ដែងការគួរសម និងឈ្វេងយល់ពីគោលនយោបាយការ​បរទេស​ និងគម្រោងខ្សែក្រវាត់ និងផ្លូវ​របស់រដ្ឋាភិបាលចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជាដៃគូរវាងអាស៊ាន-ចិន និងជាមួយបណ្ដាប្រទេសក្នុងតំបន់។

លោក GUO Xuejun អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចអន្ដរជាតិ ក្រសួង​ការបរទេសចិន បានបញ្ជាក់ថា កិច្ចសហប្រតិបត្ដិការរវាងចិន-អាស៊ាន គឺពិតជា​មាន​សារៈសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូន ជាពិសេសគម្រោងជាច្រើនត្រូវបានរដ្ឋាភិបាលចិនផ្ដល់ជូនដល់បណ្ដាប្រទេសអាស៊ានក្នុងគម្រោងផ្លូវ និងខែ្សក្រវាត់របស់ចិន។​ លោកបានបន្ដថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិ​ការរវាងចិន-អាស៊ាននេះ នឹងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ការតភ្ជាប់ហេដ្ឋា​រចនា​សម្ព័ន្ធ ការនាំចេញនូវផលិតផល ការអភិវឌ្ឍប្រកបដោយនិរន្ដរភាព និងការពង្រឹង​ភាព​ជាដៃគូក្នុងការធ្វើពាណិជ្ជកម្មសេរីរវាងចិន-អាស៊ាន។

ចំណែកលោកស្រី Mao Ning អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ាន ក្រសួង ការបរទេសចិន បានគូសបញ្ជាក់ថា​ ចិន និងអាស៊ានគឺជាដៃគូសហប្រតិបត្តិការយ៉ាងជិត​ស្និទ្ធក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការអប់រំ និងការបណ្ដុះ​បណ្ដាល​​ធន​ធានមនុស្ស។ លោកស្រីបានបន្ថែមថា គម្រោងខ្សែក្រវាត់ និងផ្លូវដែលរដ្ឋាភិ​បាលចិនបាន​ដាក់ចេញក្នុងគោលដៅពង្រីក និងលើកកម្ពស់ភាពជាដៃគូដែលមានប្រយោជន៍​ទៅវិញទៅមក សម្រាប់ពង្រឹងកិច្ចសហប្រតិបត្ដិការ និងវិបុលភាពរួមគ្នាជាមួយបណ្ដាប្រទេសអាស៊ាន និង​​បណ្ដាប្រទេស​នៅតាមខ្សែក្រវាត់ និងផ្លូវ ដើម្បីតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធរូបវន្ដ ស្ថាប័ន និង​​ប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្ដិការផ្នែកធុរកិច្ច វប្បធម៌ និងវិស័យសំខាន់ៗដទៃទៀត ទាំង​ពេលបច្ចុប្បន្ន និងអនាគត។

លោកស្រីបានបន្ថែមទៀត​ថា ការរៀបចំកម្មវិធីផ្លាស់ប្ដូរអ្នកសារព័ត៌មានអាស៊ាន-ចិន គឺពិតជា​មាន សារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ​ប្រសើរ​​ថែមទៀត រវាងចិន-អាស៊ាន និងបានចាត់ទុកអាស៊ានគឺជាមិត្ដល្អ អ្នកជិតខាងល្អ ជាដៃ​គូល្អ និងមាន​ទំនាក់​ទំនងល្អជាមួយគ្នា៕

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង