ឃុំ សង្កាត់ នឹងមានថវិកាប្រមាណជាង៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ ក្នុងការគាំទ្រសម្រាប់ធ្វើការអភិវឌ្ឍនៅឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២០តទៅ

AKP កំពង់ចាម ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ — ដើម្បី​ឆ្លើយតប​ដំណើរនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២០នេះតទៅ ការអភិវឌ្ឍថ្នាក់ ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានសម្រេច​ផ្តល់ថវិកាប្រមាណជាង ៧ម៉ឺនដុល្លារ ក្នុងមួយឆ្នាំដល់ឃុំ សង្កាត់ ដល់ការគាំទ្រសម្រាប់ធ្វើការអភិវឌ្ឍនៅ ឃុំ សង្កាត់នេះជាការលើក ឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលបាន អញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២០-២០២២  របស់រដ្ឋបាលស្រុកកំពង់សៀម នៅថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅ សាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឯកឧត្តម   ​អ៊ុន ​ចាន់​ដា ​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ថា ចាប់ពីឆ្នាំ ២០២០នេះតទៅការអភិវឌ្ឍថ្នាក់ ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានសម្រេច​ផ្តល់ថវិកា ប្រមាណជាង៧ម៉ឺនដុល្លារក្នុងមួយឃុំ សង្កាត់ ដល់ការគាំទ្រសម្រាប់ធ្វើការអភិវឌ្ឍនៅ ឃុំសង្កាត់។ សិក្ខាសា​នេះ​គឺ​ដើម្បី​បង្ហាញ​អំពី​តម្រូវការ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​នៅក្នុង​ខេត្ត​ទាំងមូល ​និង​ការសម្របសម្រួល​បន្ស៊ី​នូវ​តម្រូវ​ការអភិវឌ្ឍ​ទាំងនេះ​ជាមួយ​គម្រោង និង​ធនធាន​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល ​និងដៃគូ​ឯកជន ដើម្បី​ឈានដល់​ការឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុក្រឹតភាព​។​

​ឯកឧត្តមអភិបាលខេត្ត​កំពង់ចាម​បាន​លើកឡើង​ថា សិក្ខាសាលា​សមាហរណកម្ម​ផែន​ការឃុំ​សង្កាត់​ជាសូចនាករមួយបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍបែបប្រជាធិបតេយ្យ ថ្នាក់ ក្រោមជាតិនៃកំណែទម្រង់តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាម មូលដ្ឋានសំដៅការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការរួមចំណែកកាត់បន្ថយភាព ក្រីក្រប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ​អ៊ុន ចាន់​ដា បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជធានី​ទាំង​ខេត្ត​គ្រប់​ខេត្ត​នៅ​ទូទាំងប្រទេស​កំពុងតែ​សកម្មប្រយុទ្ធ​យ៉ាង​ក្លៀវក្លា​ក្នុងការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនា​បេតី​តេ​ជោ ​ហ៊ុន សែន ​ជា​ប្រមុខ​ដឹកនាំ​។ ​ ឆ្នាំ២០២០ខាងមុខនេះ គឺជាឆ្នាំអនុវត្តន៍កម្មវិធី៣ឆ្នាំរំកិល ដំណាក់កាលទី៣ ដើម្បីអនុវត្តន៍សម្រេចបាន ជោគជ័យនៅ គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក ចាំបាច់ត្រូវអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវធ្វើឡើងតាមគ្រប់រូបភាព និងស្នើដល់ មន្ទីរ​ស្ថាប័ន​របស់​រដ្ឋ​ត្រូវ​ឈាម​មុខ​ក្នុង​ការផ្តល់សេវា​របស់​ខ្លួន​ស្របតាម​គោលនយោបាយ​វិម​ជ្ឈ​ការ ​និង​វិ​ស​ហម​ជ្ឈ​ការ​របស់​រាជរដ្ឋាភិបាល ​និង​ផ្តល់​ការគាំទ្រ​គម្រោង​អាទិភាព​ឃុំ ​សង្កាត់​ ហើយរដ្ឋបាលឃុំសង្កាត់បានក្លាយទៅជារដ្ឋ បាលថ្នាក់មូលដ្ឋាន ដែលមានមុខងារសំខាន់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕

ដោយ ឆាយ ម៉ុត