ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យគណៈប្រតិភូខេត្ត ហ្វូជាន  ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ — នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ ២កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្ត ហ្វូជាន ដឹកនាំដោយ លោក Liu depei អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន ប្រទេសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាឈ្វេងយល់ពីឱកាសសម្រាប់វិនិយោគនៅខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ស្វាគមន៍ចំពោះប្រតិភូមន្ទីរពាណិជ្ជកម្មខេត្ត ហ្វូជាន ដែលចង់មកបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុមានសក្តានុពលវិនិយោគលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម  និងឧស្សាហកម្ម ដែលរាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ និង ៤ផ្សេងទៀត កំពុងរៀបចំដំណើរការ មានផ្លូវដឹកជញ្ជូន កំពង់ផែអន្តរជាតិទឹកជ្រៅ មានការមមាញឹកក្នុងការដឹកជញ្ជូនទំនិញចេញ-ចូល, ព្រលានយន្តហោះអន្តរជាតិ ។ តាមគោលនយោបាយស្របជាមួយគ្នានឹងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយរបស់ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីងពីង ធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរកម្ពុជា-ចិន កាន់តែរីកចម្រើនរឹងមាំឡើង ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ សង្ឃឹមថា អ្នកវិនិយោគិនចិននឹងមានឱកាសវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត ខណៈបច្ចុប្បន្នខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងរយ:ពេលជាង ២ឆ្នាំកន្លងមកនេះ ។

លោក Liu depei បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលអនុ   ញ្ញាតឱ្យគណៈប្រតិភូរបស់លោក បានចូលជួបពិភាក្សាការងារ ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន ដែលខេត្ត ហ្វូជាន កាលពី២០ឆ្នាំមុន ចាប់ផ្តើមធ្វើកំណែទំរង់សេដ្ឋកិច្ច មានការអភិវឌ្ឍរីកចម្រើន និងជួយផ្សព្វផ្សាយពីសក្តានុពលការវិនិយោគនៅខេត្តព្រះសីហនុ ដល់អ្នកវិនិយោគចិន មកបណ្ដាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ស្របតាមគោលនយោបាយ “ផ្លូវមួយ ខ្សែក្រវាត់មួយ” របស់ឯកឧត្តមប្រធានាធិបតីចិន ។

ក្នុងឱកាសនោះគណៈប្រតិភូខេត្ត ហ្វូជាន ក៏បានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចសិក្សា និងជួបសហគ្រិនខេត្ត ហ្វូជាន ដើម្បីចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់គោលដៅវិនិយោគនាពេលខាងមុខ  ៕

ដោយ ងូ សុមុនី