មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្ដិធម៌លើកឡើងថា ទណ្ឌិត៩០នាក់ ត្រូវបានលើកលែង និងបន្ធូរ​បន្ថយទោសនៅក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្ដិធម៌បានលើកឡើងថា ទណ្ឌិតចំនួន៩០នាក់ ក្នុងនោះ ស្រី១៧នាក់ ត្រូវបានលើកលែង និងបន្ធូបន្ថយទោសក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះ ខែ និងអកអំបុកដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។ ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌​បានឱ្យដឹង​នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះថា ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីស្នើសុំ​បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ អង្គប្រជុំបានសម្រេចធ្វើសំណើគោរពជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការ​អនុ​គ្រោះទោស ដល់ទណ្ឌិតសរុប ៩០ នាក់ ក្នុងនោះ ស្រីចំនួន១៧ នាក់។ ឯកឧត្ដមបាន​​បន្ដថា ក្នុងចំណោមអ្នកទោសទាំង៩០នាក់នោះ ត្រូវបន្ថយទោស៦ ខែ ចំនួន ៥៨ នាក់ ស្រី ១៣ នាក់ បន្ថយទោស៩ ខែ   ចំនួន ១៤ នាក់ ស្រី ០១ នាក់ បន្ថយទោស១២ខែ ចំនួន ០៨ នាក់ ស្រី ០១ នាក់ និងលើក លែងទោស ចំនួន ១០ នាក់ ស្រី ០២ នាក់។

សូមជម្រាបថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងប្រ ព្រឹត្តទៅ នៅថ្ងៃទី១០-១១-១២ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ខាងមុខនេះ បានដាក់សំណើសុំអនុគ្រោះ​ទោស​ដល់ទណ្ឌិតសរុប ៥១២ នាក់ ក្នុងនោះស្រី ៥៨ នាក់ ។

បើតាមការបញ្ជាក់របស់ឯកឧត្ដម កឹម សន្តិភាព បានគូសបញ្ជាក់ថា ចំពោះអ្នកដែល ត្រូ​វ​បានលើកលែង និងបន្ធូរបន្ថយទោសនៅថ្ងៃព្រះរាជពិធីបុណ្យអុំទូកនោះមិនមានឈ្មោះ លោក កឹម សុខា នោះទេ។ លោកបានបន្ថែមថា “លោក កឹម សុខា អត់មានទេ ខ្ញុំសូមជម្រាប ថា​ការផ្តល់លក្ខខណ្ឌនៃការលើកលែងទោសគឺត្រូវមានលក្ខខណ្ឌចាំបាច់គឺត្រូវមាន​សាលាក្រម​ជាស្ថាពរពីស្ថាប័នតុលាការ។ ដូច្នេះសម្រាប់លោក កឹម សុខា គឺកំពុងស្ថិតក្នុងនីតិវិធីរបស់​តុលា​ការនៅឡើយ ដែលស្ថិតក្នុងនីតិវិធីរបស់ចៅក្រមស៊ើបសួរនៅឡើយ អីញ្ចឹងគាត់មិនទាន់​មានសាល​ក្រមស្ថាពរ ដូច្នេះគាត់ពុំត្រូវបានទទួលការពិនិត្យអនុគ្រោះទេ។”

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋលេខាធិការក៏បានលើកឡើងជាគោលការណ៍ នៃការ​លើកលែង និងបន្ធូរបន្ថយទោស ទៅគណៈកម្មាធិការជាតិមិនបានពិនិត្យទៅលើ​ទណ្ឌិតមកពី​សកម្មជន ឬមិនសកម្មជនបក្សប្រឆាំងនោះទេ៕

ដោយ ប៊ុនរិទ្ធ