ឯកឧត្ដម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់លើកឡើងថា បច្ចុប្បន្នបងប្អូនខ្មែរឥស្លាម មានតម្លាភាពក្នុងការទទួលបានចំណេះដឹង និងការអប់រំ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានគូសបញ្ជាក់ថា បច្ចុប្បន្នបងប្អូនសហគមន៍ខ្មែរឥស្លាម កំពុងទទួលបានតម្លាភាព និងការទទួលបាននូវការអប់រំ ប្រកបដោយសុខដុមរម្យនា។ ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ខណៈ ឯកឧត្ដមចូលរួមជាអធិបតីភាព ក្នុងពិធីបិទវគ្គបំពាក់បំប៉នប្រព័ន្ធអប់រំឥស្លាមកម្ពុជា និងប្រគល់ វិញ្ញាបនបត្រកម្រិតបឋមសិក្សា ផ្នែកសាសនាដល់សិស្សជ័យលាភី គម្ពីរអាល់គួរអាន និង​សៀវភៅសិក្សាផ្នែកសាសនាឥស្លាម ដល់គណៈអ៊ីម៉ាំខេត្ត នាយក និងគ្រូបង្រៀនខ្មែរឥស្លាម​ទូទាំងប្រទេស។  ពិធីនេះត្រូវបានរៀបចំឡើងដោយ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា នៅឯបរិវេណវិហារឥស្លាមគីឡូម៉ែតលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំកុរ ឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ។ឯកឧត្ដម សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានឱ្យដឹងថា គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានរៀបចំប្រឡង​សិស្ស​ឥស្លាមផ្នែកសាសនាថ្នាក់ទី៦ ជាជំហានសាកល្បងក្នុងរាជធានី ខេត្តចំនួន៦ សម្រាប់ឆ្នាំសិក្សា​២០១៧-២០១៩ ដើម្បីបញ្ចប់កម្រិតបឋមសិក្សា ដែលមាន ពីរវគ្គ គឺប្រឡងផ្ទាល់មាត់រយៈ​ពេលមួយខែនៅក្នុង ខែកក្តដា និងប្រឡងប្រលងជាសំណេរ នៅថ្ងៃទី ២៦ ដល់ ២៨ ខែសីហា ទៅលើមុខវិជ្ជាចំនួន៦ ក្នុងនោះរួមមាន ការទន្ទេញចាំមាត់គម្ពីអាល់គួរអាន តាវហ៊ីត ហ្វីកោះ អាខ្លើក ភាសាអារ៉ាប់ និងតាជ្ជវីត ដែលមានសិស្សចូលរួមប្រឡងចំនួន ២២៦ នាក់ ស្រី ១៦៧។ ឯកឧត្ដមបន្ដថា លទ្ធផលផ្លូវការនៃការប្រឡងគឺ សិស្សដែលប្រឡងជាប់ចំណាត់​ថ្នាក់​ល្អណាស់មាន២៩នាក់ស្មើនឹង ១០.៨២ភាគរយ ចំណាត់ថ្នាក់ល្អមាន ៨៤នាក់ស្មើនឹង ៣០.៣៤​ ភាគរយ ចំណាត់ថ្នាក់ល្អបង្គួរមានចំនួន៧១នាក់ ស្មើនឹង ២៦.៤ភាគរយ ចំណាត់ថ្នាក់មធ្យម​មានចំនួន៤៦ នាក់ស្មើនិង ១៧.១៦ភាគរយ។ សម្រាប់សិស្សជ័យលាភីដែលមានពិន្ទុ​ខ្ពស់​បំផុតមានចំនួន៦នាក់ ស្រី៣នាក់។

ជាមួយគ្នានេះដែរ សម្រាប់សាលាដែលទទួលបានចំណាត់ថ្នាក់ល្អសម្រាប់ឆ្នាំ ២០១៩ នេះគឺ សាលាអាន់នៀកម៉ាទិលឥស្លាមីយ៉ះភូមិរការ សាលាអាន់នៀកម៉ះភូមិចាមលើ និងសាលាអាន់នៀកម៉ះចាមក្រោម។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានកោតសរសើរ និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះស្ថាប័នមកពីប្រទេសម៉ាឡេស៊ី ដែលបានឧបត្ថម្ភគាំទ្រ ទាំងថវិកា សម្ភារ បច្ចេកទេស និងបានសហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ធ្វើឱ្យដំណើរការល្អ លើវឌ្ឍនភាពនៃកម្មវិធីសិក្សា ក៏ដូចជាប្រព័ន្ធអប់រំ ផ្នែកសាសនាឥស្លាម​នៅកម្ពុជា ដែលនេះជាការរួមចំណែកមួយដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការ​លើកកម្ពស់​វិស័យអប់រំនៅកម្ពុជា។ ឯកឧត្ដមបន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជា គឺមានគម្លាតចំណេះ​ដឹងឆ្ងាយណាស់ បើធៀបនឹងសម័យមុន រាប់បញ្ចូលទាំងជីវភាពធូរធាររបស់គ្រូ​បង្រៀនខ្មែរ​ឥស្លាម ដែលទទួលបានប្រាក់បៀវត្សរ៍ពីរាជរដ្ឋាភិបាល ស្របពេលដែលប្រាក់បៀវត្សរ៍របស់​ពួកគាត់ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។ ឯកឧត្ដមបានឱ្យដឹងទៀតថា វឌ្ឍនភាពទាំងនេះ គឺទទួល បានទីប្រទេសយើងដែលមានសុខសន្តិភាព ក្រោម ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិ​បាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ឯកឧត្ដម ក៏បានជំរុញដល់បងប្អូនប្រជាសហគមន៍ ត្រូវតែស្វែងរកប្រភពសេដ្ឋកិច្ច ពោល ត្រូវតែមាន​មុខជំនួញនិងការងារច្បាស់លាស់ ដែលជាប្រភពចំណូលដ៏រឹងមាំ ដើម្បីចូលរួមអភិវឌ្ឍន៍​សហគមន៍ និងសង្គមជាតិរបស់យើង៕

ដោយ សួស សំរិត