អភិបាលខេត្តកំពង់ធំ រម្លឹកដល់ប្រជាពលរដ្ឋអំពីការហូបអំបុកសាមគ្គីនៅថ្ងៃទី០៩ វិច្ឆិកាខាងមុខ

AKP កំពង់ធំ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩​ — ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានរម្លឹកឡើងវិញជូនដល់បងប្អូនប្រជាពលរដ្ឋអំពី ការ​ហូបអំបុកសាមគ្គី អំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩វិច្ឆិកា​ខាងមុខនេះ។

ថ្លែងក្នុងពិធីបិទការប្រណាំងទូកនៅខេត្តកំពង់ធំ កាលពីថ្ងៃអាទិត្យ ទី២៧ ខែ តុលា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា​ បន្ទាប់ពីពិធីប្រណាំងទូកនេះទៅនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ រដ្ឋបាលខេត្តគ្រោងរៀបចំពិធីបុណ្យឯករាជ្យជាតិនៅ​វិមាន​ឯករាជ្យ ដែលយើងទើបតែសាងសង់រួចរាល់ហើយថ្មីៗនេះ ដើម្បីអបអរខួបលើកទី៦៦ ទិវា បុណ្យឯករាជ្យជាតិ(០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៩) ហើយក៏មានពិធី​ហូបអំបុក​សាមគ្គី​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅសួនស្ទឹងសែន ដោយមានការប្រគំ​តន្ត្រីសម័យ ​និង​មានការ​ចែក​ជូន​អំបុកដល់បងប្អូនប្រជាពលរដ្ឋ និងមហាជនឱ្យបានពិសារក្នុងអត្ថន័យរួម គ្នាការពារជាតិ សាសនា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់យើង។ ឯកឧត្ដមបន្ដថា នៅពេលរាត្រីក៏មានការប្រគំ​តន្ត្រី និង​បាញ់​កាំជ្រួច​អបអរសាទរពិធីបុណ្យឯករាជ្យជាតិ ក៏ដូច​ជាអបអរសាទរទិវាកំណើតកងយោធពលខេមរភូមិន្ទ​​ផងដែរ។

ជាមួយគ្នានេះដែរ នៅពេលរាត្រី ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃ​ទីពីរ​នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែត​​ប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីជាតិ ក៏មានរៀបចំពិធីអកអំបុក ពិធី​ដាល់​អំបុក ការប្រគុំតន្ត្រីជូនបងប្អូនទស្សនាកម្សាន្ដសប្បាយ ក្នុងយុគសម័យសុខសន្តិភាព ក្រោមការដឹកនាំដោយ​សម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ។

ឯកឧត្តមអភិបាលខេត្ដក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ដែលបានឧបត្ថម្ភសម្ភារ ថវិកា កម្លាំងកាយ ចិត្ត គាំទ្រដល់ការរៀបចំពិធីប្រណាំងទូក​របស់ខេត្ត​ ដែលនេះគឺជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីរបស់ខេត្តកំពង់ធំទាំងនៅថ្នាក់ខេត្ត និងការ​ចូលរួម​​នៅថ្នាក់ជាតិ៕

ដោយ ស៊ុម វណ្ណា