រដ្ឋបាលខេត្តរតនគិរី ប្រារព្ធព្រះរាជពិធីបុណ្យខួប​លើកទី១៥​ឆ្នាំ នៃការគ្រង​ព្រះរាជ​សម្បត្តិ​​របស់ព្រះមហាក្សត្រ

AKP រតនគិរី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធី អបអរសាទព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិខួបលើកទី១៥ឆ្នាំ (២៩តុលា ២០០៤-២៩តុលា ២០១៩) របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាសកម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី។

ពីធីនេះបានប្រព្រឹត្តទៅនៅសាលមហោស្រព សម្តេចតេជោ ហ៊ុនសែន ក្រោមវ ត្តមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គិត ទ្រី អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋសរុបប្រមាណជាង ២០០នាក់ និងមានព្រះសង្ឃ សូត្រមន្តជយោនតោថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

លោក គិត ទ្រី តំណាងឱ្យ ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្ត បានអានសារលិខិតថ្វាយ ព្រះពរសពសារធុការ និងបានសម្តែងភក្ដីភាពកតញ្ញូធម៌ ចំពោះព្រះមហាករុណាទិគុណ ដ៏ជ្រាលជ្រៅបំផុត និងបានលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបុណ្យ ដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងបារមីទេវតារក្សាស្វេតច្ឆត្រ សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល មហាប្រសើរថ្វាយដល់ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង សូមឱ្យមានព្រះរាជ សុខុមាលភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដែលព្រះអង្គកំពុងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃ ប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តតរៀងទៅ៕

ដោយ ណយ នឿន (ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី)