រដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយអំពីវិធានការចាំបាច់នានា​សម្រាប់សភាពការណ៍នាពេល​បច្ចុប្បន្ននៅក្នុងខេត្ដ

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — រដ្ឋបាលខេត្ដព្រះសីហនុបានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីវិធានការចាំបាច់នានាសម្រាប់សភាពការណ៍បច្ចុប្បន្ននៅក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី  ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំខេត្ត ប្រធាន​ក្រុមក្រុម​ប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពនានា មេឃុំ ចៅសង្កាត់។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ វាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញការងារធ្វើ​ឱ្យ​ខេត្តមានការអភិវឌ្ឍរីកចម្រើន ធានាបាននូវសន្តិសុខ សុវត្ថិភាព និងអំណោយផលដល់ការ​អភិវឌ្ឍប្រទេសជាតិ លើកម្ពស់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់​ប្រជា​ពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា អាជ្ញាធរខេត្ដ​បាន​អនុវត្តន៍នូវវិធានការដូចជា  ការពាររដ្ឋធម្មនុញ្ញជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា, ការពារព្រះមហាក្សត្រ,  ការពាររដ្ឋាភិបាលស្របច្បាប់ ដែលប្រ សូតចេញពីការបោះឆ្នោត​ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ទន្ទឹមនេះ ការអនុវត្តវិធានការច្បាប់, ការពង្រឹង​ការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ​មូលដ្ឋាន ។

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អំពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដើម្បី​បម្រើការអភិវឌ្ឍធ្វើឱ្យកំណើនសេដ្ឋ កិច្ចរបស់ប្រទេសកម្ពុជា មានការកើនឡើង ជីវភាព​ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ចូលរួមកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅ​ទូទាំងប្រទេស។ ឯកឧត្ដមបន្ដថា រាជរដ្ឋាភិបាលនៅតែបន្តមិនយកឈ្នួលដីស្រែ ចំការពី​ប្រជាកសិករ, មិនយកពន្ធលើប្រាក់បៀវត្សរ៍អប្បរិមារបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ, បញ្ចប់ការបង់ថ្លៃសេវាប្រមូលសំរាម ជាមួយវិក័យប័ត្រអគ្គីសនីនៅឆ្នាំ២០២០ខាងមុខ, បង្កើត​រោងចក្រអគ្គិសនីប្រើប្រាស់វត្ថុធាតុដើម ចេញពីសំរាម ប៉ុន្តែមិនអនុញ្ញាតឱ្យនាំសំរាម​ចូលមកពី​ប្រទេស​ផ្សេងៗ។ ឯកឧត្ដមបន្ដទៀតថា គោលនយោបាយនេះ ដើម្បី ជួយកាត់បន្ថយបរិមាណ​សំរាមនៅតាមរាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផ្ដាំផ្ញើគ្រប់មន្ទីរ អង្គភាព​គោរពបទបញ្ជា និងអនុវត្តន៍ការងារស្នូល បើកវេទិកាសាធារណៈផ្សាភ្ជាប់ជាមួយនឹង​ប្រជា​ពលរដ្ឋនៅមូលដ្ឋាន ដើម្បីឈ្វេងយល់ពីតម្រូវការ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ឆ្លើយតប​បាន​ទាន់ពេលវេលា។ ឯកឧត្ដមបន្ថែមថា ក្រៅពីនេះ បន្ដលើកកម្ពស់សេវាសាធារណៈ បង្កើន​ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពក្នុងពិធីបុណ្យជាតិ អន្តរជាតិ និងកន្លែងកម្សាន្តសប្បាយ​ផ្សេងៗ ដើម្បីធានាដល់សេចក្តីសុខ សុវត្ថិភាពស្របតាមគោលនយោបាយភូមិ ឃុំ មាន​សុវត្ថិភាព ៕

ដោយ ងូ សុមុនី