ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមលេខ១ ប្រចាំឆ្នាំ ដល់អគ្គនាយិកាក្រុមហ៊ុនសាប៊ូយីហោខ្មែរ T&L Natural

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — អគ្គនាយិកា ក្រុមហ៊ុន  ធារ៉ា  លាង  ឯ.ក  របស់ផលិតផលគ្រឿងសំអាង ម៉ាកយីហោ ខ្មែរ  T&L Natural ទទួលបានពានសហគ្រិនជាឆ្នើមចំណាត់ថ្នាក់លេខ១ ពីឯកឧត្តមហ៊ុន ម៉ាណែត ក្នុងម្មវិធី  CEO AWARD 2019 របស់  CEO Master Club ដោយមានការចូលរួម ពីម្ចាស់អាជីវកម្មក្នុងស្រុកប្រមាណ១០០០នាក់។

ពានរង្វាន់នេះ ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2019 ដែលត្រូវបានរៀបចំដោយ CEO Master Club កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩  នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងម៉ុងរិទ្ធីគ្រុប ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា និងលោក អោម សេងបូរ៉ា ស្ថាបនិក CEO master club និងវិទ្យាស្ថានស៊ីអ៊ីអូ។

នៅក្នុងឱកាសនោះ លោកស្រី  លាង  ធារ៉ា  អគ្គនាយិកាក្រុមហ៊ុន  ធារ៉ា  លាង  ឯ.ក ត្រូវបានកម្មវិធីទាំងមូលសម្រេចប្រគល់ពានរង្វាន់ជាសហគ្រិនស្រ្តីឆ្នើមលេខ១ប្រចាំឆ្នាំ CEO AWARD 2019 បន្ទាប់ពីបានវាយតម្លៃថា ក្រុមហ៊ុនសាប៊ូ T&L Natural បានជួយជ្រោមជ្រែង ឱ្យស្ត្រីមេផ្ទះខ្មែរភាគច្រើន ទទួលបានឱកាសការងារ និងទទួលបានប្រាក់ចំណូលប្រចាំថ្ងៃពី​ការលក់ផលិតផលសាប៊ូតាមអនឡាន ដើម្បីបង្កើនចំណូលក្នុងគ្រួសារ។

លោកស្រី  លាង  ធារ៉ា បានលើកឡើងថា ការទទួលបាននូវពានរង្វាន់ជាសហគ្រិន ស្ត្រីឆ្នើមនាពេលនេះ គឺមិនមែនកើតចេញពីការខិតខំរបស់ក្រុមហ៊ុនT&L តែម្នាក់ឯងនោះទេ ជ័យលាភីនាថ្ងៃនេះ គឺបានមកពីការខិតខំទាំងអស់គ្នាពីតំណាងចែកចាយគ្រួសារសាប៊ូ T&L Natural ទាំងអស់ ដែលបានខិតខំប្រឹងប្រែងលក់រហូត សាប៊ូខ្មែរមួយនេះ ទទួលបានការគាំទ្រ យ៉ាងច្រើនពីអតិថិជន រហូតឈានមកទទួលបាននូវពានរង្វាន់ឆ្នើមលេខ១ប្រចាំឆ្នាំCEO AWARD 2019 របស់CEO Master Club ។

លោកស្រីបន្តថា ជាការថ្លែងអំណរគុណ ក្រុមហ៊ុន T&L Natural សន្យា នឹងនាំមកនូវ ផលិតផលល្អៗបន្ថែម មកចែកចាយលក់ក្នុងទីផ្សារកម្ពុជា ដើម្បីបម្រើសេចក្តីត្រូវការរបស់ អតិថិជនក្នុងស្រុក និងដើម្បីជួយលើកស្ទួយដល់ស្ត្រីកម្ពុជា ឱ្យមានការងារធ្វើបន្ថែម ដើម្បីបង្កើនចំណូលក្នុងគ្រួសារឱ្យកាន់តែច្រើន។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា រីកចម្រើន ក្រុមហ៊ុនត្រូវតែរីកចម្រើន សក្តានុពលរបស់យើងគឺត្រូវរីកចម្រើន។ ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេស ខ្លាំងនោះទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង។

ឯកឧត្តមបានឱ្យដឹងថា ជាការពិតប្រទេសអភិវឌ្ឍនៅលើសកលលោក ដែលមានការរីកចម្រើនខ្លាំង ផ្នែកសេដ្ឋកិច្ចគឺប្រទេសទាំងនោះ សម្បូរ ដោយសហគ្រិនមានសមត្ថភាពពូកែ អាចដឹកនាំគ្រប់គ្រង ចាត់ចែងអាជីវកម្មរបស់ពួកគេ ជាលក្ខណៈស្តង់ដារជាតិ និងអាចស្រូបយកប្រាក់ចំណេញពី គ្រប់ទិសទីនៅក្នុងពិភពលោក ចូលក្នុងប្រទេសរបស់ពួកគេ ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំ។

ឯកឧត្តមបានគូសបញ្ជាក់ថា «ត្រង់ចំណុចនេះខ្ញុំកត់សម្គាល់ចំពោះ តួនាទីរបស់សហគ្រិន ក្នុងការចូលរួមចំណែក ការកសាងស្ថាបនាសេដ្ឋកិច្ចជាតិ ឱ្យមានភាពរឹងមាំរីកចម្រើន និងសូមឯកភាពទស្សនៈ របស់លោក អោម សេងបូរ៉ា ក្នុងអត្ថន័យថាសហគ្រិនជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយ:ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មតាមសេចក្តីត្រូវការរបស់សង្គម ការបង្កើតការងារជូនប្រជាពលរដ្ឋ ការចូលរួមកសាងធនធានមនុស្ស និងការចូលរួមបង្កើនចំណូលថវិកាជាតិ»។

ឯកឧត្តមបន្ដថា «រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងជាដៃគូពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពរបស់វិស័យ ឯកជន ជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនឹងកង្វល់ធំៗ លើវិស័យឯកជនក៏ដូចជាជំរុញ សក្តានុពល ចីរភាពនៃកំណើន និងភាពរឹងមាំនៃដំណើរ ការពេលវែងខាងមុខរបស់កម្ពុជា»។

លោក អោម សេង បូរ៉ា ស្ថាបនិករបស់ CEO Master Club និងវិទ្យាស្ថានស៊ីអ៊ីអូ បានលើកឡើងថា បើយើងទាំងអស់គ្នាចង់ឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស ដាច់ខាតត្រូវតែជួយកសាងសមត្ថភាព និងជ្រោមជ្រែងសហគ្រិននៅ ក្នុងស្រុកឱ្យមានភាពរឹងមាំ។

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានជ័យលាភីនេះ មានម្ចាស់អាជីវកម្មចំនួន ៦៦ រូប ទទួលបានពានជ័យលាភី Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ), ២០ រូប ទទួលបាន Outstanding Entrepreneur Medal (មេដាយសហគ្រិនឆ្នើម), ០៥រូប ទទួល បានពាន Outstanding Accounting Award (ពានគណនេយ្យឆ្នើម) និង ១១រូប ទៀត ទទួលបានពានជ័យលាភី Outstanding CEO Award (ពាន ស៊ីអ៊ីអូ ឆ្នើម)៕

ដោយ ម៉ៅ ចរិយា