កីឡាករ២នាក់ មកពីអាស៊ីអឺរ៉ុបឈ្នះជើងឯករត់២១គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ ពាក់កណ្តាលម៉ារ៉ាតុង នៅភ្នំបូកគោ

AKP កំពត ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — កីឡាករជ័យលាភីចំណាត់ថ្នាក់លេខ១ដូចគ្នាមកពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប គឺកីឡាករ ម៉ា វីរ៉ូ បានឈ្នះមេដាយមាសលើវិញ្ញាសារត់២១គីឡូម៉ែត្របុរស និង កីឡាករ វ៉ាន់ ភារ៉ា ឈ្នះ​មេដាយមាសវិញ្ញាសា១០គីឡូម៉ែត្របុរស បន្ទាប់ពីធ្វើបានយ៉ាងល្អដូចៗគ្នា នៅក្នុងព្រឹត្តិ ការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៦ នៅលើ​ភ្នំបូកគោ ក្នុងខេត្តកំពត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយរៀបចំដោយ សណ្ឋាគារឋានសួគ៌សុខា បូកគោ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្ត។

លោក ពៅ ហុក គ្រូកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលដឹកនាំកីឡាករចូល​រួម​ប្រកួតក្នុងព្រឹត្តិការណ៍នេះបានបង្ហាញនូវភាពរីករាយជាខ្លាំង ដែលកីឡាកររបស់លោកទាំងពីរ នាក់ដណ្តើមបានជ័យលាភីចំណាត់ថ្នាក់លេខ១ដូចគ្នាទាំងពីរវិញ្ញាសា។ លោកបន្ដថា អ្វីដែល​សំខាន់គឺអាស៊ីអឺរ៉ុប តែងតែចូលរួមប្រកួតលើប្រភេទកីឡានានា ជា ពិសេសកម្មវិធីរត់ប្រណាំង​ដើម្បីសប្បុរសធម៌ នៅលើភ្នំបូកគោនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា​ និងវិស័យ​សង្គម វិស័យទេសចរណ៍ និងសប្បុរសធម៌ ដើម្បីប្រមូលថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ជា។

ចំពោះជ័យលាភីចំណាត់ថ្នាក់លេខ១ នារី២១គីឡូម៉ែត្រ បានទៅលើកីឡាការិនី​ជន​ជាតិអាម៉េរិក Boden, លេខ១ ១០គីឡូម៉ែត្រនារី បានទៅលើកីឡាការិនីខ្មែរ អេង ម៉ុយងីម។ ក្រៅពីនេះក៏មានចំណាត់ថ្នាក់លេខ២ លេខ៣ លើវិញ្ញាសាទាំងអស់ រួមទាំងជ័យលាភីរត់​កម្សាន្ត​៣គីឡូម៉ែត្រផងដែរ។

បើតាមតំណាងសណ្ឋាគារឋានសួគ៌សុខា បូកគោ ដែលជាអ្នករៀបចំទិវារត់​ប្រណាំង​នេះ​បានឱ្យដឹងថា គោលដៅនៃព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់ឱកាសជូនដល់កីឡាករ កីឡា​ការិនីជាតិ និងអន្តរជាតិ ដើម្បីភាពសប្បាយរីករាយ និងសុខុមាលភាពប៉ុណ្ណោះទេ  ប៉ុន្តែវាក៏​ជាការចូលរួម ដើម្បីគាំទ្រដល់ការងារសប្បុរសធម៌ ផងដែរ ពីព្រោះចំណូល ដែលទទួល​បានពីព្រឹត្តិការណ៍នេះ នឹងឧបត្ថម្ភដល់មន្ទីរពេទ្យ គន្ធបុប្ផា។ ពីមួយឆ្នាំ ទៅមួយឆ្នាំ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់នេះ គឺមានអ្នកចូលរួមកើន ឡើង ជាលំដាប់ទាំងអ្នកចូលរួមរត់និងចូលរួមអ្នកជិះកង់ ដោយឆ្នាំនេះទាក់ទាញបានអ្នកចូលរួម សរុបជាង ១.៧០០នាក់ ដែលគោលដៅនៃការរត់ប្រណាំងនេះក៏ជាគោលដៅទេសចរណ៍ ផងដែរ៕

ដោយ ហេង ណាលីន