រកឃើញម្ចាស់ជ័យលាភីកីឡាបាញ់កាំភ្លើងជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — ការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ ជាតិប្រចាំឆ្នាំ២០១៩ នៅក្នុងកងពលតូច ទ័ពពិសេសឆ័ត្រយោង លេខ៩១១ បានបញ្ចប់ដោយជោគជ័យ កាលពី ព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយមានអញ្ជើញចូលរួមផ្តល់ការលើកទឹកចិត្ត និងបំពាក់មេដាយពី ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន​សហព័ន្ធ កីឡាបាញ់កាំភ្លើងកម្ពុជា។

លោកជំទាវ ស៊ុំ សុខា អនុប្រធានសហព័ន្ធកីឡាបាញ់កំាភ្លើងកម្ពុជាបានបង្ហាញ​នូវ​របាយការណ៍ជ័យ លាភីដោយក្រសួងការពារជាតិឈ្នះមេដាយមាស ច្រើនជាងគេរហូតដល់៥​វិញ្ញាសាលើវិញ្ញាសា ២២ Long វែង ឯកត្តជនបុរស-នារី, ៩មីលីម៉ែត្រនារីជាក្រុមនារី, ២២ Longខ្លីនារី និងវិញ្ញាសា ២២ Long វែងបុរសជាក្រុម ខណៈ អគ្គនាយកដ្ឋានស្រាវ​ជ្រាវចារ​កិច្ចឈ្នះមេដាយមាស២វិញ្ញាសា ដូចជាវិញ្ញាសា ៩មីលីម៉ែត្របុរសជាក្រុម និងវិញ្ញា សា២២ Longខ្លី​បុរស។ លោកជំទាវបានបន្ដថា ក្រៅពីនេះក៏មានចំណាត់ថ្នាក់មេដាយប្រាក់ និងសំរឹទ្ធិ​លើគ្រប់វិញ្ញាសាទាំងអស់​ផងដែរ ដោយដណ្តើមបានដោយបណ្តាក្លឹបនានាមួយចំនួនទៀត ដែលចូលរួមប្រកួតសរុបចំនួន៩ក្លឹប។

ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានមានប្រសាសន៍ថា ការប្រកួត​ជើងឯកថ្នាក់ជាតិឆ្នាំនេះ បញ្ចប់ដោយជោគជ័យ ដោយគ្រប់គ្នាសុទ្ធតែទទួលបានសុខ​សុវត្ថិភាព ជាពិសេសតាមរយៈការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃនោះ កីឡាករ កីឡាការិនីទាំងអស់បានខិតខំប្រកួតអស់ពីសមត្ថភាព ដោយទទួលបានជ័យលាភី។ ឯកឧត្តម នាយឧត្តមសេនីយ៍ តាយៈរយៈព្រឹត្តិការណ៍នេះនឹងជួយជំរុញបន្ថែមក្នុងដំណើរ​ឆ្ពោះអភិវឌ្ឍន៍ វិស័យកីឡាបាញ់កាំភ្លើងនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមបានលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីទាំង អស់ត្រូវបន្តនូវការខិតខំឱ្យកាន់​តែ​ខ្លាំងក្លា ដើម្បីរួមគ្នាលើផ្លូវឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ខាងមុខ ដោយឯកឧត្តមដាក់ក្តីគោលដៅឱ្យធ្វើយ៉ាងណាដណ្តើមបានមេដាយមាស ក្នុងឋានៈ ជាម្ចាស់ផ្ទះ ហើយយ៉ាងហោចណាស់ក៏ត្រូវដណ្តើមឱ្យបានមេដាយប្រាក់ ឬសំរឹទ្ធិផងដែរ៕

ដោយ ហេង ណាលីន