រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធព្រះរាជពិធីបុណ្យខួប​លើកទី១៥​ឆ្នាំ នៃការគ្រង​ព្រះរាជ​សម្បត្តិ​​របស់ព្រះមហាក្សត្រ

AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និស្សិត សិស្ស និងប្រជាពលរដ្ឋ ខេត្ត​បន្ទាយមានជ័យយ៉ាងច្រើនកុះករបានជួបជុំគ្នានៅសាលប្រជុំសាលាខេត្ត កាលពីព្រឹក ថ្ងៃចន្ទ ១កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ប្រារព្ធព្រះរាជពិធីបុណ្យខួប​លើកទី១៥​ឆ្នាំ នៃការគ្រង​ព្រះរាជ​សម្បត្តិ​​របស់ព្រះករុណាព្រះបាទ​សម្តេច ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ជាទី​សក្ការៈដ៏​ខ្ពង់​ខ្ពស់បំផុត​​។

នៅសាលប្រជុំធំសាលាខេត្ត​ ដែល​ក្នុង​ពិធី​នេះមានការ​ប្រព្រឹត្តតាម​បវេណីរាជានិយម​កម្ពុជាពី​បុ​រម​បុរាណ​ ដែលមាន​ទាំង​ព្រះរាជ​ពិធីតាមបែប​ពុ​ទ្ធ​សាសនា និង​ព្រហ្មញ្ញសាសនា​ចម្រុះ​គ្នា​ដោយបានថ្វាយសក្ការៈបូជា នមស្ការ ព្រះរតនត្រ័យ សមាទានសីល ចម្រើន​ព្រះ​បរិត្ត ប្រគេនទេយ្យទានពិធីបួងសួងថ្វាយព្រះពរចម្រើនព្រះជន្មសុំសេចក្តីចម្រើនរបាំថ្វាយព្រះពរ​ដល់ព្រះមហាក្សត្រ​។​

នៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអានសារ លិខិតថ្វាយព្រះពរដោយបានបញ្ជាក់ថា ជំនួសមុខឱ្យក្រុមប្រឹក្សា ខេត្តគណៈអភិបាលខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា ពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ សូមព្រះបរមរាជានុញ្ញាតទូលថ្វាយ ព្រះសព្វសាធុការពរ ជ័យបវរសួស្តីសិរីវឌ្ឍនាវិបុលសុខមហាប្រសើរគ្រប់យ៉ាង ចំពោះព្រះករុណា ថ្លៃវិសេសជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលមាំមួនខ្លាំង ក្លាព្រះ បញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ​បន្តព្រះរាជ បេសកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជា ប្រវត្តិ​សាស្ត្រ ពីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីភាពចម្រុងចម្រើនថ្កុំថ្កើងរុងរឿង និងសម្បូរសប្បាយ​ប្រកបដោយ សុខដុមរមនា របស់មាតុភូមិអង្គរជាទីស្នេហា និងប្រជារាស្ត្រគ្រប់រូបជាយូរអង្វែង​តរៀងទៅ។

ឯកឧត្តមបន្តទៀតថា ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទ សម្តែងថ្វាយយ៉ាងស្មោះស័្មគ្របំផុតចំពោះស្នាព្រះហស្ត ព្រះមហាករុណាជា អម្ចាស់ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែយក ព្រះទ័យក្នុងការជួយ ដោះស្រាយទុក្ខលំបាក របស់ប្រជារាស្ត្រនៅទូទាំងប្រទេសជាពិសេសព្រះអង្គតែងតែយកអស់ព្រះបញ្ញាញាណព្រះកាយ​ពល និងព្រះរាជទ្រព្យ ដើម្បីរួមចំណែកកសាងសមិទ្ធផល សង្គមយ៉ាងច្រើនសំដៅស្តារ និងអភិវឌ្ឍន៍ទឹកដីព្រះរាជាណាចក្រកម្ពុជាឱ្យ​មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ទូលព្រះបង្គំជាខ្ញុំទាំងអស់ សូមលំឱនកាយបួងសួងដល់គុណបុណ្យ ព្រះរតន​ត្រ័យ គុណបុណ្យវត្ថុ ស័ក្តិសិទ្ធិ ក្នុងលោក ព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី យានីខ្មែរ និងបារមីនៃទេវតារក្សាស្វេតច្ឆត្រសូមព្រះអង្គតាមជួយបីបាច់ ថែរក្សាអភិបាល ប្រោសព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណា ថ្លៃវិសេស និងសូមព្រះ អង្គទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈជានិច្ចនិរន្តរ៍កុំបី​ឃ្លៀង ឃ្លាតឡើយ៕

ដោយ ឈុន សារ៉ាត