រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងអំណរគុណដល់ក្រុមហ៊ុនហ្វេសប៊ុកដែលបានជួយបើកហ្វេសប៊ុក របស់ឯកឧត្តមឱ្យដំណើរការប្រក្រតីឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩​ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័​ត៌​មា​​ន បានថ្លែងអំណរគុណ​ចំពោះក្រុមហ៊ុន​ហ្វេស​ប៊ុកដែលបានជួយបើកហ្វេ​ស​ប៊ុ​ករបស់​ឯ​ក​ឧត្ត​​ម​​ឱ្យ​​ដំ​ណើរការជាប្រក្រតីដូច​ដើមឡើង​វិញ បន្ទាប់​ពី​ជនអនាមិកបានUnblock មិនឱ្យ​ប​ង្ហោះ​រូ​ប​ភា​​ព ​​ឬ​ព័​ត៌មានផ្សេងៗបាន រយៈពេល២ថ្ងៃ កន្លងទៅនេះ។

ក្នុងជំនួបជាមួយអ្នកកាសែតនៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្តឹក ឆ្នាំ២០១៩ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ​ទី​២​៨​ ខែ​តុ​លា ​ឆ្នាំ២០១៩នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បា​ន​មា​ន​ប្រសាសន៍ថា ជនអនាមិកបានប្លុកហ្វេសប៊ុករបស់ឯកឧត្តមចាប់តាំងពី​ថ្ងៃសុក្រ​ទី២៥ ខែតុលាមកម្លេះ នៅ​ពេ​លដែលហ្វេសរបស់ឯកឧត្តមបានផ្សព្វផ្សាយ​ការពិតពី​រឿង​ព្រំដែនឆ្លើយតបទៅនឹងក្រុមប្រឆាំង​មួយចំនួនបានបំភ្លៃការពិតពាក់ព័ន្ធរឿងព្រំដែនថា ​ដី​ខ្មែរ​រួញតូចជាងមុន ដីខ្មែរ​បាត់​ប​ង់​អ​ស់​ខ្លះ​ហើ​យជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេលហ្វេសប៊ុកប្រើប្រាស់រា​ល់ថ្ងៃ​ត្រូ​វ​បា​នគេប្លុកធ្វើឱ្យប្រើលែងកើត​ឯកឧត្តមអាច​នឹងបង្កើត​ហ្វេស​ប៊ុកថ្មីក៏​បា​ន ប៉ុន្តែឯកឧត្ត​មមិ​ន​ធ្វើ​ឡើ​​យ​ដោយ​ចង់ទុកបញ្ហានេះ​ឱ្យក្រុមហ៊ុនហ្វេសប៊ុក​ទទួលខុសត្រូវ។

ជាមួយគ្នានេះ គិតមកដល់ថ្ងៃទី២៨ ខែតុលានេះ គណនីហ្វេសប៊ុករបស់ ឯកឧត្តមរដ្ឋ មន្ត្រី ដែលមានឈ្មោះថា  Kanharith Khieu ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកដោះ ស្រាយ និងបាន​ដំណើរការ​ឡើង​វិ​ញ​ ហើយឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន​ហ្វេសប៊ុក ដែល​បាន​សហការ​ដោះស្រាយបា​ន​យ៉ា​​ង​ល្អ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា កិច្ចការបន្ទាប់ក្រុមការងារឯកឧត្តមរដ្ឋមន្ត្រី នឹងធ្វើសំណើ​មួយទៀតទៅក្រុម​ហ៊ុន​ហ្វេ​​ស​ប៊ុក   ​ដើ​ម្បីលុបចោលគណនីទាំងឡាយណាដែលប្រើឈ្មោះឯកឧត្តម មិនបានត្រឹមត្រូ​វ​ចេ​​ញពី ប​ណ្តាញ​សង្គមហ្វេសប៊ុកទាំងអស់។

បើតាម ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា បច្ចុប្បន្ន ឯកឧត្តម ប្រើប្រាស់តែគណនីហ្វេស​ប៊ុកពីរ​ប៉ុណ្ណោះ​គឺ​ Kanharith Khieu និងផេកឈ្មោះ Kanharith ដែលមន្ត្រី និងប្រជាពលរដ្ឋ​អាចទ​ទួ​ល​បា​ន​ព័​ត៌​មាន​ពិតពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិតាមរយៈគណនីទាំងពីរនេះ៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម​ សុវណ្ណារ៉ា