អនុប្រធានទី១ រដ្ឋសភា អញ្ជើញចូលរួមក្នុងពិធីបិទការប្រណាំងទូកនៅក្នុង​ខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីបុណ្យអុំទូក បណ្ដែត ប្រទីប ដែលប្រព្រឹត្តទៅនៅ ទី២៦-២៧ ខែតុលា ឆ្នាំ ២០១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និង ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​ធនាគារជាតិនៃកម្ពុជា ព្រមទាំងសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា​ ថ្នាក់ដឹកនាំខេត្ត​ មន្ត្រី​រាជ​ការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បានលើកឡើងថា ព្រឹត្តិការណ៍បុណ្យអុំទូកនៅពេលនេះ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមបានសម្ដែងការសាទរសប្បាយរីករាយ ដែលនេះ ជាលទ្ធ ផលល្អនៃតម្លៃសន្តិភាពជាតិយើងដែលរកបាននិងរក្សាបានដោយសារតែមានសម្ដេចអគ្គ​មហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ រួមជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស។​ឯកឧត្តមបានលើកឡើងពីអត្ថន័យនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះព្រះខែ ជាពិសេសលើភាពល្បីល្បាញខាងវិស័យទូក-ង របស់ខេត្តកំពង់ធំ ចាប់​តាំងពី​សម័យសង្គមរាស្រ្តនិយមមកម៉្លេះ រហូតដល់មានខេត្តមួយចំនួនមកជួលជាងទូក-ង​ពីខេត្តកំពង់​ធំទៅធ្វើទូកឱ្យគេ ឬក៏មកជាវទូក-ងពីខេត្តកំពង់ធំយើងទៅតែម្តង។

ឯកឧត្តមបានបន្ដថា បន្ទាប់ពីព្រះរាជាណាចក្រទី២ចាប់បដិសន្ធិឡើងវិញភ្លាម ខេត្តកំពង់ធំមាន​ទូក-ងមួយ ដែលមានល្បឿនលឿនជាងគេគឺទូកឈ្មោះ​ស្រីស្រស់ស្ទឹងសែន​ដែលស្ថិតនៅក្នុង​វត្តបាក់ស្រីឃុំគោល ស្រុកសណ្តាន់​ដែលកាលនោះបានធ្វើឱ្យគណៈកម្មាធិការជាតិរៀបចំ​បុណ្យ​ជាតិ និងអន្តរជាតិ ក៏ដូចជាថ្នាក់ដឹកនាំមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង។ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលមកលេងកម្សាន្ត ត្រូវចូលរួមថែរក្សា​​បរិស្ថាន កុំចោលសំរាមផ្ដេសផ្ដាស ពិសេសសូមរក្សាភាពថ្លៃថ្នូរទាំងការបើកបរ ​និងចៀស​ឱ្យ​ឆ្ងាយ​ពីគ្រឿងញៀន។

ក្នុងឱកាសពិធីប្រណាំងទូកនេះដែរ រដ្ឋបាលខេត្តកំពង់ធំបានយកចិត្តទុកដាក់ លើផ្នែក​សន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន និងការធ្វើចរាចរណ៍ ឱ្យមានភាព​ងាយ​ស្រួល ព្រមទាំងបានរៀបចំស្តង់តាំងពិព័រណ៍ផលិតផលផ្សេងៗ មានការប្រគំតន្ត្រី ការបណ្ដែត ប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចអបអរសាទ ក្នុងពិធីប្រណាំងទូកនេះផងដែរ។ ក្នុងឆ្នាំនេះ ទូកដែលមកចូលរួមប្រកួតប្រជែងមានចំនួន៤៣ទូក ក្នុងនោះទូកខាតវែងមានចំនួន៦ទូក ទូក ខ្នាតអន្តរជាតិចំនួន១២ទូក និងទូកផ្កាចាមានចំនួន២៥ទូកក្នុងនោះទូកនារី ២ទូកដែលមាន​កីឡាករ កីឡាការិនីសរុបចំនួន១.២២៣នាក់ ក្នុងនោះកីឡាករបំរុងចំនួន២២២នាក់។ ឆ្លងកាត់​ការប្រកួត​រយៈពេល២ថ្ងៃមកនេះជាលទ្ធផលទូកវែងចំណាត់ថ្នាក់លេខ១ ចំនួន១ទូក ចំណាត់​ថ្នាក់​លេខ២ ចំនួន២ទូក និងចំណាត់ថ្នាក់លេខ៣ចំនួន៣ទូក។ ចំពោះទូកខ្នាតអន្តរជាតិ​ចំណាត់ ថ្នាក់លេខ១ ចំនួន១ ទូកចំណាត់ថ្នាក់លេខ២ ចំនួន៣ទូក និងចំណាត់ថ្នាក់លេខ៣ ចំនួន៣​ទូក។ សម្រាប់ទូកផ្កាចា លេខ១ចំនួន២ទូក ក្នុងនោះទូកនារី១ទូក ចំណាត់ថ្នាក់លេខ២ ចំនួន​៦ទូកំ ក្នុងនោះទូកនារី១ទូក និងចំណាត់ថ្នាក់លេខ៣ចំនួន៦ទូក៕

ដោយ ស៊ុម វណ្ណា