លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីប្រណាំងទូក នៅខេត្ដស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់​ដល់ជ័យ​លាភីប្រណាំងទូកនៅ ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣  ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។ 

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ការរៀបចំ​ប្រណាំង ទូកនេះ ដោយសារតែប្រទេសជាតិមានសុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍ​រីក​ចម្រើនលើគ្រប់វិស័យ ហើយជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសក៏កាន់តែ​ល្អប្រសើរ​ឡើង មានសុភមង្គល និងមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃ ណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ និងទទួល បានឱកាសការងារយ៉ាង ច្រើនកន្លែងនៅទូទាំងប្រទេស។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា នេះបង្ហាញឱ្យ​ឃើញនូវការសាមគ្គីភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណីរបស់ប្រជាជនខ្មែរ​ដែលមាន​តាំងពីយូរលង់មកហើយ។ លោកជំទាវបានលើកឡើងថា តាមរយៈការរៀបចំពិធីប្រណាំង​ទូករយៈពេលពេញមួយថ្ងៃនេះ ខេត្តស្វាយរៀងទទួលបានភ្ញៀវទេសចរបានប្រមាណជាង ១០ម៉ឺននាក់ ដែលបានមកទស្សនានៅក្នុងខេត្ដ។ បន្ទាប់ពីពិធីអុំទូកត្រូវបានបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត បានអញ្ជើញទៅ​ចូលរួមទស្សនា ការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្ររវាង ក្លឹបព្រះខ័នរាជ និងក្លឹបអាស៊ីអឺរ៉ុប ជា​លទ្ធផលក្លឹបព្រះខ័នរាជ ជាអ្នកទទួលបានជ័យជម្នះ និងលើកពាន។  លោកជំទាវកិត្តិសង្គហ បណ្ឌិតក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកាដល់ការរៀបចំពិធី​ប្រណាំង​ទូកនាឱកាសនេះ និងនាំមកនូវតន្រ្តីស្រុកស្រែ របស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីបង្កើនភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្ដ ជាពិសេស​បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីនេះយ៉ាងច្រើនកុះករ។

ជាមួយគ្នានេះ លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមប្រែក្លាយថ្ងៃ០៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ឱ្យទៅជាថ្ងៃ ទទួល​ទានអំបុកទាំងអស់គ្នា ហើយអំបុកនេះ គឺអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ៕

ដោយ សួស សំរិត