បច្ច័យជាង៦៤លានរៀលត្រូវបានអង្គកឋិនទានមហាសាមគ្គីដង្ហែចូលទៅកាន់វត្តពោធិ៍សិលារាម ហៅវត្ត គីឡូលេខ៨ ខេត្តព្រះវិហារ

AKP ខេត្តព្រះវិហារ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកពិសេសថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងអ្នកដឹកនាំមន្ត្រីរាជការជុំវិញខេត្តជាច្រើនរូប បានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្តើមពិធីបុណ្យអង្គកឋិនទានមហាសាមគ្គីដង្ហែទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា វត្តពោធិ៍សិលារាម ហៅ វត្តគីឡូលេខ៨ ស្ថិតនៅ ភូមិគីឡូលេខ៨ សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩  ។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បានមានប្រសាសន៍ ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំ​ណា​ក់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា មានសុខសន្តិភាព មានការអភិវឌ្ឍបានរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះមានវិស័យពុទ្ធសាសនា ក៏ដូចសាសនាដដទៃទៀតដែរ នេះដោយសារថ្ងៃ៧មករា ១៩៧៩ ថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តទៀតថា ក្រោមនយោបាយឈ្នះ ឈ្នះ និងគោលន​យោបា​យចតុកោណ មានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋបានបោះឆ្នោតឱ្យឈ្នះ ព្រមទាំ​ង​មានការគាំទ្រលើឆាកអន្តរជាតិ បានប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន និង អនាគត ។ ហេតុនេះសូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ កុំជឿលើការ ញ៉ុះញង់របស់ក្រុមអគតិបង្កចលាចលឱ្យមានអំពើហឹង្សា ធ្វើចលាចលអសន្តិសុខដល់សង្គមជាតិ និង ត្រូវការពារប្រឆាំងដាច់ខាតនូវរាល់ សកម្មភាពដែលធ្វើឱ្យសង្គមជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម ។ សូមបញ្ជាក់ថាបច្ច័យប្រមូលបានពីបុណ្យអង្គកឋិនទានមហាសាមគ្គី សរុបចំនួន ៦៤,៩៤៥,០០០រៀល ៕

ដោយ ទិត ស្រ៊