កម្ពុជាស្វាគមន៍ការបណ្តាក់ទុនលើវិស័យអចលនទ្រព្យ និងសេវាមន្ទីរពេទ្យរបស់អ្នកវិនិយោគឥណ្ឌូនេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្វាគមន៍ការបណ្តាក់​ទុនលើវិស័យអចលនទ្រព្យ និងសេវាមន្ទីរពេទ្យរបស់គណៈប្រតិភូវិនិយោគិនឥណ្ឌូនេស៊ី​។

ការថ្លែងស្វាគមន៍គណៈប្រតិភូវិនិយោគិនឥណ្ឌូនេស៊ីរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីបានធ្វើឡើងនៅ ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុ​លា ឆ្នាំ២០១៩ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តម សុខ ចិន្តាសោភា បានបញ្ជាក់ជូន អ្នកវិនិយោគឥណ្ឌូនេស៊ីថា «កម្ពុជាមានគោលនយោបាយបើកចំហវិនិយោគដោយគ្មានការរើសអើង ហើយវិស័យទាំងពីរនេះទៀតសោតជាវិស័យដែលមានសក្តានុពលខ្លាំងនៅកម្ពុជា»។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនគណៈប្រតិភូអំពីការវិវត្តសំខាន់ៗនៅកម្ពុជាពាក់ព័ន្ធនឹងកាលានុវត្តភាពវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

គណៈប្រតិភូវិនិយោគិនឥណ្ឌូនេស៊ីដែលមានសមាជិកចំនួន ២០រូប ដែលបានមកបំពេញទស្សនកិច្ចស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដឹកនាំដោយលោកបណ្ឌិត តាហឺរ (Tahir) បេសកជនទទួលបន្ទុកកិច្ចការវិនិយោគ និងជាអនុប្រធានសភាពាណិជ្ជកម្មឥណ្ឌូនេស៊ី និងដោយមានវត្តមានចូលរួមរបស់ឯកឧត្តម ស៊ូឌីរម៉ាន់ ហាសែង (Sudirman Haseng) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំប្រទេសកម្ពុជា ផងដែរ៕

ដោយ គង់ សិរីរ័ត្ន